វិស័យទេសចរណ៍ និងវប្បធម៌របស់ប្រទេសម៉ាឡេស៊ី បានខាតបង់ថវិកាចំនួន ១០,៥ប៊ីលានដុល្លារអាមេរិកដោយសារជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០​ — ទីភ្នាក់ងារសារព័ត៌មាន Bernama បានរាយការណ៍ថា គ្រោះមហន្តរាយនៃជំងឺរាតត្បាតកូវីដ-១៩ បានបង្កឱ្យមានការខាតបង់ទឹកប្រាក់ប្រមាណ ៤៥ប៊ីលានរីងហ្គីដ (ប្រមាណ ១០,៥ប៊ីលានដុល្លារអាមេរិក) ដល់ឧស្សាហកម្មទេសចរណ៍ និងវប្បធម៌របស់ប្រទេសម៉ាឡេស៊ី នៅក្នុងឆមាសទី ១ នៃឆ្នាំ ២០២០ នេះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី លោកស្រី Nancy Shukri បាននិយាយថា វិស័យទេសចរណ៍ គឺជាផ្នែកមួយនៃវិស័យសេដ្ឋកិច្ចដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុត ហើយត្រូវបានគេរំពឹងថា ជាផ្នែកចុងក្រោយដែលអាចស្តារឡើងវិញបាន។

ដើម្បីគាំទ្រដល់វិស័យនេះ លោកស្រីបាននិយាយថា ក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ នឹងពង្រឹងគំនិតផ្តួចផ្តើមទេសចរណ៍ក្នុងស្រុកក្រោមយុទ្ធនាការ Cuti-Cuti ម៉ាឡេស៊ី។

ក្រសួងនឹងពង្រឹងសកម្មភាពទំនាក់ទំនងសាធារណៈ ដើម្បីបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរក្នុងការធ្វើដំណើរមកម្តងទៀត។

គួរកត់សម្គាល់ថា សហគ្រិនទេសចរណ៍ធុនតូច និងមធ្យម (SMEs) នឹងទទួលបានប្រាក់កម្ចីទន់ដែលមានអប្បបរមា ៥០.០០០រីងហ្គីត និងអតិបរិមា ១០លានរីងហ្គីត ដែលគ្រប់គ្រងដោយធនាគារ SME។

កាលពីឆ្នាំមុន ប្រទេសម៉ាឡេស៊ីបានស្វាគមន៍ភ្ញៀវទេសចរសរុបចំនួន ២៦,១លាននាក់ ដែលទទួលបានចំណូលសរុបជាទឹកប្រាក់ជាង ៨៦ប៊ីលានរីងហ្គីត៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)