ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ព្រមព្រៀងបើកព្រំដែនឡើងវិញ សម្រាប់ការធ្វើដំណើរចាំបាច់

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០​ — ក្រសួងការបរទេសសិង្ហបុរីបានប្រកាសនៅថ្ងៃទី២៧ ខែមិថុនា ថា ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី បានព្រមព្រៀងគ្នាបើកការធ្វើដំណើរឆ្លងកាត់ព្រំដែនឡើងវិញសម្រាប់គោលបំណងអាជីវកម្ម និងការងារផ្លូវការ។

ការសម្រេចនេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាតាមទូរស័ព្ទរវាងនាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong និងសមភាគីម៉ាឡេស៊ី លោក Muhyiddin Yassin កាលពីមួយថ្ងៃមុន។

មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាបង្កើតផ្លូវបៃតង (RGL) និងការរៀបចំដំណើរតាមកាលកំណត់ ( PCA ) សម្រាប់ក្រុមអ្នកធ្វើដំណើរខុសៗគ្នា។

RGL នឹងជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែនសម្រាប់គោលបំណងចាំបាច់នៃអាជីវកម្ម និងការងារផ្លូវការ ខណៈដែល PCA នឹងអនុញ្ញាតឱ្យពលរដ្ឋនៃប្រទេសទាំងពីរដែលកាន់លិខិតឆ្លងដែនដែលទទួលបានការធ្វើអន្តោប្រវេសន៍រយៈពេលវែងនៅក្នុងប្រទេសផ្សេងទៀត អាចវិលត្រឡប់ទៅផ្ទះវិញសម្រាប់ការឈប់សម្រាករយៈពេលខ្លី។

ទីភ្នាក់ងារពាក់ព័ន្ធរបស់ប្រទេសសិង្ហបូរី និងម៉ាឡេស៊ី នៅតែពិភាក្សាអំពីវិធានការណ៍ជាក់លាក់ដើម្បីអនុវត្ត RGL និង PCA ជាពិសេសប្រព័ន្ធការពារប្រឆាំងនឹងឆ្លងជំងឺកូវីដ-១៩៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)