ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបសាទរចំពោះប្រទេសវៀតណាមដែល បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ប្រកបដោយជោគជ័យ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០​ — ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន លោក Igor Driesmans បានសាទរចំពោះប្រទេស វៀតណាមដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ប្រកប​ដោយជោគជ័យដោយជម្នះនូវបញ្ហាប្រឈមនានា ដែលមិនធ្លាប់មានពីមុនមក។

នៅក្នុងបទសម្ភាសន៍មួយដែលផ្តល់ដល់អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) នៅទីក្រុងហ្សាការតា លោកបាននិយាយថា ជាលើកដំបូងហើយនៅក្នុងរយៈពេលជាងពាក់កណ្តាលសតវត្សរ៍នៃទំនាក់ទំនង ដែលបណ្តាមេដឹកនាំនៅអាស៊ានដែលបានជួប និងជជែកពិភាក្សាតាមបែបកិច្ចប្រជុំនិម្មិត្តតាមរយៈសន្និសីទវីដេអូ។

លោកបាននិយាយថា «ដូចដែលនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់នៅក្នុងសុន្ទរកថារបស់លោកក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនោះថា ពិភពលោកកំពុងផ្លាស់ប្តូរហើយដែលមិនអាចត្រឡប់ក្រោយវិញបាន ហើយព្រឹត្តិការណ៍នេះបង្ហាញថា អាស៊ានកំពុងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរទាំងនោះ»។

នេះជាកិច្ចប្រជុំកំពូលផ្លូវការលើកដំបូងដែលរៀបចំឡើងដោយប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ហើយទោះបីជាមានកាលៈទេសៈពិបាកក៏ដោយ ក៏អាចទទួលបានលទ្ធផលធំៗជាច្រើនដែរ។

លោកបាននិយាយបន្តទៀតថា បណ្តាមេដឹកនាំនៅអាស៊ានបានបន្តរបៀបវារៈនៃសមាហរណកម្មតំបន់ប្រកបដោយមហិច្ឆតាដោយមានសេចក្តីប្រកាសនៃ «សេចក្តីថ្លែងការណ៍ចក្ខុវិស័យ ស្តីពីអាស៊ានដែលមានភាពស្អិតរមួត និងការទទួលខុសត្រូវ៖ ការកើនឡើងនូវការបញ្ហាប្រឈមខាងលើ និងកំណើនប្រកបដោយចីរភាព» ។ ជាមួយនឹងឯកសារគ្រប់ជ្រុងជ្រោយនេះ ពួកគេបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តវឌ្ឍនភាពលើវិស័យជាច្រើន ក្នុងការសម្រេចបានចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ។

ជាពិសេស សេចក្តីថ្លែងការណ៍ចក្ខុវិស័យដែលបានទទួលស្គាល់ពីតម្រូវការក្នុងការដោះស្រាយប្រកប ដោយប្រសិទ្ធភាពជាមួយនឹងជំងឺរាតត្បាតកូវីដ-១៩ និងក្នុងពេលតែមួយនេះដើម្បីជំរុញការស្តារសង្គម-សេដ្ឋកិច្ចនៅក្នុងតំបន់ឡើងវិញ។ ថ្នាក់ដឹកនាំទាំងអស់បានឯកភាពគាំទ្រផែនការស្តារឡើងវិញក្រោយជំងឺរាតត្បាតសម្រាប់អាស៊ាន ជាមួយនឹងសកម្មភាពផ្សេងៗដែលមានគោលបំណងពង្រឹងភាពធន់នៃសេដ្ឋកិច្ចក្នុងតំបន់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)