ប្រទេសវៀតណាមបំពេញតួនាទីជាប្រធានអាស៊ាន បានយ៉ាងល្អក្នុងរយៈពេល ៦ ខែកន្លងមកនេះ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០​ — យោងតាមការលើកឡើងរបស់អនុរដ្ឋមន្រ្តីក្រសួងការបរទេសឡាវ និងជាប្រធានគណៈប្រតិភូឡាវនៃកិច្ចប្រជុំរបស់មន្ត្រីជាន់ខ្ពស់អាស៊ាន លោក Thongphane Savanphet បានឱ្យដឹងថា ប្រទេសវៀតណាមបានបំពេញតួនាទីយ៉ាងល្អ ក្នុងនាមជាប្រធានអាស៊ាន ក្នុងរយៈពេល ៦ខែកន្លងមកនេះ ហើយបានរៀបចំកិច្ចប្រជុំអាស៊ានលើកទី ៣៦ ប្រកបដោយជោគជ័យ។

លោកបានធ្វើអត្ថាធិប្បាយនេះនៅក្នុងបទសម្ភាសន៍មួយ ដែលបានផ្តល់ដល់ទីភ្នាក់ងារព័ត៌មាន វៀតណាម ( VNA ) បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ តាមរយៈសន្និសីទវីដេអូ។

មន្ត្រីរូបនេះបានអបអរសាទរចំពោះប្រទេសវៀតណាម ដែលទទួលបានជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលនេះ នឹងបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពដឹកនាំ និងការរៀបចំរបស់ប្រទេសវៀតណាម។

នៅក្នុងព្រឹត្តិការណ៍នោះ លោកបានកត់សម្គាល់ថា បណ្តាមេដឹកនាំនៅអាស៊ានបានពិភាក្សាអំពីបញ្ហាមួយចំនួន ជាពិសេសការការពារ ការគ្រប់គ្រង និងការឆ្លើយតបចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយផ្តោតសំខាន់ទៅលើរបៀបដែលបណ្តាប្រទេសនីមួយៗអាចធ្វើការជាមួយគ្នា ដើម្បីដោះស្រាយផលប៉ះពាល់នៃជំងឺរាតត្បាតនេះ។

មេដឹកនាំទាំងអស់បានពិនិត្យពិចារណាអំពីវិធីនានា ដើម្បីបង្កើនភាពស្អិតរមួតរបស់សហគមន៍ អាស៊ាននៅពេលប្រឈមមុខនឹងបញ្ហាប្រឈមដែលកំពុងកើតឡើងនៅក្នុងតំបន់ និងក្នុងពិភពលោក។ ពួកគេបានឯកភាពជំរុញទៅមុខដោយសម្រេចឱ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ជាពិសេស ការកសាងសសរស្តម្ភទាំងបី គឺនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដែលក្នុងនោះស្ថិតក្រោមការដឹកនាំរបស់ប្រទេសវៀតណាមក្នុងនាមជាប្រធាន ហើយប្លុកនេះកំពុងធ្វើការពិនិត្យឡើងវិញក្នុងរយៈពេលពាក់កណ្តាល អាណត្តិ បន្ទាប់ពីការអនុវត្តអស់រយៈពេល ៥ឆ្នាំ។

ទាក់ទងនឹងការឆ្លើយតបទៅនឹងចេតនារបស់ប្រទេសនីមួយៗ និងតំបន់ខ្លះ ដើម្បីក្លាយជាដៃគូសន្ទនា និងអភិវឌ្ឍន៍សម្រាប់អាស៊ាន បណ្តាមេដឹកនាំនៅអាស៊ានទាំងនោះក៏បានយកចិត្តទុកដាក់ផងដែរអំពីវិធីពង្រីកទំនាក់ទំនងរបស់ប្លុកនេះ ខណៈដែលនៅតែរក្សាបាននូវសាមគ្គីភាព។

លោក Thongphane Savanphet បាននិយាយថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនោះ មេដឹកនាំ អាស៊ានក៏បានលើកឡើងអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ដោយលោកបានកត់សម្គាល់ថា​ បើទោះបីជាពេលវេលាសម្រាប់បញ្ហាទាំងនេះមានរយៈពេលខ្លីក៏ដោយ ក៏មេដឹកនាំបានពិភាក្សាគ្នាដោយ ត្រង់ៗ និងមានប្រសិទ្ធភាព៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)