រមណីយដ្ឋាន“ទឹកធ្លាក់ថ្មដាតូច” ឬហៅថា “ទឹកធ្លាក់ភ្នំ១៥០០” កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 27.06.2020


Mc ៖ រមណីយដ្ឋាន“ទឹកធ្លាក់ថ្មដាតូច” ឬហៅថា “ទឹកធ្លាក់ភ្នំ១៥០០” កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដោយសារទេសភាពនៅទីនោះមានជ្រលង ដងអូរ ជ្រោះជ្រៅ ព្រៃព្រឹក្សា ផ្ទាំងថ្ម នៅក្រោមម្លប់ឈើត្រជាក់ល្ហឹម ដែលបង្កប់ទៅដោយសម្លេងសត្វយំ និងសម្លេងទឹកហូរធ្លាក់ពីលើភ្នំ១៥០០យ៉ាងរណ្តំ បានធ្វើឱ្យភ្ញៀវទេសចរមានការចាប់អារម្មណ៍ពីសម្រស់ធម្មជាតិនេះ មកលេងម្តងហើយចង់មកម្តងទៀត ។
ដើម្បីឲ្យកាន់តែច្បាស់សូមស្តាប់អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ត………………
លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា រមណីយដ្ឋានថ្មដាតូចនេះ ជាកន្លែងកម្សាន្តបែបព្រៃភ្នំធម្មជាតិ ស្អាតប្លែកភ្នែកពីរមណីយដ្ឋានដទៃទៀត ដែលមានទឹកជ្រោះហូរធ្លាក់ចំនួន២ថ្នាក់ គឺថ្នាក់ខាងលើ ភ្ញៀវទេសចរអាចដើរមកកំសាន្តដល់មុន ហើយមានទឹកធ្លាក់ជម្រាលជាថ្នាក់ៗដូចកាំជណ្តើរ ងាយស្រួលសម្រាប់ការងូតទឹកលេងកម្សាន្ត និងថ្នាក់ខាងក្រោម ជាល្បាក់ទឹកធ្លាក់ ដែលមានកម្ពស់ជិត១០ម៉ែត្រ ជាកន្លែងអង្គុយលំហែរកាយ និងងូតទឹកលេងយ៉ាងត្រជាក់ល្ហឹម ។
លោកប្រធានមន្ទីរបានបន្តថា រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូចនេះ ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលស្ថិតនៅចន្លោះជ្រលងភ្នំ១៥០០។ លោកបញ្ជាក់ថា ទិដ្ឋភាពទាំងនេះ បានធ្វើឱ្យភ្ញៀវទេសចរប្លែកភ្នែក ប្លែកអារម្មណ៍ ក្រៅពីគយគន់ទេសភាព ទឹកធ្លាក់ តាមព្រៃភ្នំដ៏ស្រស់ត្រកាលរួចមក នៅមានទិដ្ឋភាពផ្លូវរាងក្រវិចក្រវៀនដូចអន្ទង់អាំង នៅតាមជម្រាលភ្នំខ្ពស់ៗ នៅពេលសំឡឹងទៅ ហាក់បីដូចជាមានអារម្មណ៍ស្រស់ស្រាយជាខ្លាំង ដែលពោរពេញទៅដោយព្រៃព្រឹក្សាខៀវស្រងាត់ បង្កើតបាននូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមួយមិនដែលមាន ។
លោកបានបន្ថែមទៀតថា ដោយមើលឃើញអំពីសក្តានុពលនៃរមណីយដ្ឋានធម្មជាតិមួយនេះ មន្ទីរទេសចរណ៍ខេត្ត បានសហការជាមួយអាជ្ញាធរដែនដី និងក្រុមហ៊ុនឯកជនជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ បានរៀបចំតំបន់នេះឡើងឲ្យក្លាយទៅជារមណីយដ្ឋានធម្មជាតិមួយដ៏ទាក់ទាញ ដើម្បីបម្រើឲ្យការលេងកម្សាន្តរបស់ភ្ញៀវជាតិនិងអន្តរជាតិ ជាពិសេសបានជួយបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍នៅក្នុងតំបន់នោះទៀតផង ។
សំឡេង ៖ អញ្ចឹងខ្ញុំមើលឃើញអំពីវិសាលភាពនេះវាល្អ ហើយយើងក៏មានការអភិវឌ្ឍតំបន់នេះមិនមានការកែច្នៃឲ្យខុសអ្វីប្លែកពីធម្មជាតិនោះទេ យើងទុកជាលក្ខណៈធម្មជាតិហើយយើងក៏មានក្រុមហ៊ុនឯកជនគេវិនិយោគនៅតំបន់នេះ ដោយទីមួយយើងផ្ដោតទៅលើចំណតរថយន្ត អនាម័យ និងយើងអាចត្រួសត្រាយមួយចំនួនបានមិនឲ្យអ្វីខុសប្លែកពីធម្មជាតិ ធ្វើម៉េចឱ្យមានភាពទាក់ទាញដល់ភ្ញៀវជាតិនិងអន្តរជាតិចូលមកកម្សាន្ត ។
សូមបញ្ជាក់ថា នៅទូទាំងខេត្តពោធិ៍សាត់ មានតំបន់រមណីយដ្ឋានធម្មជាតិចំនួន៣៤កន្លែង ប៉ុន្តែបានដាក់ឲ្យដំណើរការជាផ្លូវការតែ១០កន្លែងប៉ុណ្ណោះ ដែលចំនួននៅសេសសល់នេះ គឺមន្ទីរទេសចរណ៍និងអាជ្ញាធរពាក់ព័ន្ធ កំពុងសិក្សានិងរៀបចំឲ្យបានច្បាស់លាស់ជាមុនសិន មុននឹងដាក់ឲ្យដំណើរការ ៕