ឯកឧត្តមហ៊ុន ម៉ានីរំលឹកគុណបំណាច់របស់បងប្អូនប្រជាការពារបានជួយរក្សាសន្តិសុខសណ្តាប់ សង្គមបានច្រើន

វិទ្យុជាតិកម្ពុជា៖ ដោយ​ លោក​ ហុក​ សុខរិន​ និង​លោក​ ចន​ ណារិទ្ធ​


MC៖ ឯកឧត្តមហ៊ុន ម៉ានីប្រធានគណៈកម្មការអប់រំ យុវជន និងកីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានរំលឹកគុណបំណាច់របស់បងប្អូនប្រជាការពារបានជួយរក្សាសន្តិសុខសណ្តាប់ សង្គមបានច្រើន ដែលធ្វើឲ្យប្រជាពលរដ្ឋមានការសប្បាយចិត្តមកលើអាជ្ញាធរ។
នៅក្នុងឱកាសផ្តល់អំណោយសម្ភារៈការពារជំងឺកូវីដ១៩ ភេស្ជជៈ និងអង្ករដល់បងប្អូនប្រជាការពារទំាង១៤ខណ្ឌទូទំាងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះ ឯកឧត្តមហ៊ុន ម៉ានី បានមាន ប្រសាសន៍ថា បងប្អូនប្រជាការបានជួយរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដូចជាការជួយសម្រួល ចរាចរណ៍ ការសំអាតអនាម័យបរិស្ថាន ការចូលរួមដោះស្រាយទុក្ខលំបាក និងការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅមូលដ្ឋានជាដើម។
ឯកឧត្តមបានបញ្ជាក់ថា កិច្ចការងាររបស់បងប្អូនប្រជាការពារគឺបានជួយសង្គមបានច្រើន ទោះបីគ្មានអាវុធនៅក្នុងដៃក៏ដោយ ប៉ុន្តែពួកគាត់មានការតស៊ូអំណតព្យាយាមលើកិច្ចការងាររបស់ខ្លួន ក្នុងបំណងប្រាថ្នាគឺធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងស្ថេរភាពសណ្តាប់ក្នុងសង្គម។ ឯកឧត្តមបញ្ជាក់ថា អំណោយសប្បុរសធម៌ដែលបានផ្តល់ជូនដល់បងប្អូនប្រជាការពារនាពេល នេះនិងបានជួយសម្រាលការលំបាកមួយផ្នែកក្នុងជីវភាពប្រចាំថ្ងៃ។ បន្ថែមពីនេះទៀតបងប្អូនប្រជា ការពារទំាងអស់ត្រូវតែបង្កើនការធ្វើអនាម័យឲ្យបានជាប់ជាប្រចាំ ដើម្បីការពារកុំអោយឆ្លងជំងឺកូវីដ១៩ ដល់ខ្លួនឯង ក្រុមគ្រួសារ និងទៅសហគមន៍ ខណៈដែលជំងឺដ៏កាចសាហាវនេះ មិនទាន់មានវាក់សំាងឬថ្នាំព្យាបាលឡើយ ដែលបង្កឲ្យមានអ្នកឆ្លង និងអ្នកស្លាប់ជាច្រើននាក់។
ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់ថា ប្រជាការពារបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅមូលដ្ឋានដោយបានសហការយ៉ាងល្អជាមួយនឹងកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទដែលមានប៉ូលិសនិងកងរាជអាវុធហត្ថ។ពួកគាត់គឺជាកម្លាំងស្នូលដែលពីដើមឡើយពោលគឺ ក្រោយឆ្នាំ ១៩៧៩ ប្រជាការពារភូមិគឺជាកម្លាំងស្ម័គ្រចិត្តដែលមិនយកប្រាក់ខែនោះទេ។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ដោយការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន កម្លាំងប្រជាការពារត្រូវបានបញ្ចូលជាជាបុគ្គលិកជាប់កិច្ចសន្យាដែលមានប្រាក់បៀវត្សចំនួន៦៥ម៉ឺនរៀល។
គួរបញ្ជាក់ផងដែរថា អំណោយដែលបានចែកជូនបងប្អូនប្រជាការពារនាពេលនេះ ក្នុងម្នាក់ៗទទួលបានអង្ករ១បាវស្មើនឹង១០គីឡូក្រាម អាកុល៣ដបតូចចំណុះ១០០ មីលីលីត្រ ម៉ាសចំនួន២០ម៉ាស សាប៊ូដុំចំនួន៣ដុំ ត្រីខចំនួន២កំប៉ុងភេសជ្ជៈផ្អែមចំនួន១២កំប៉ុងនិងដប ថង់បរិស្ថានសម្រាប់វេចខ្ចប់១ភេសជ្ជៈបាកាសចំនួន៣កំប៉ុង ទឹកបរិសុទ្ធចំនួន៧ដបនិងថវិកាចំនួន ៥ម៉ឺនរៀល៕