អាជ្ញាធរជាតិអប្សរា ប្រតិកម្មចំពោះគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលប្រមូលផ្ដុំគ្នានៅបរិវេណប្រាសាទអង្គរវត្ត

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ២៧.០៦.២០២០

MC៖ អាជ្ញាធរជាតិអប្សរា បានប្រតិកម្ម ចំពោះគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)ដែលបានមកប្រមូលផ្ដុំគ្នា នៅក្នុងបរិវេណប្រាសាទអង្គរ ក្នុងន័យប្រើរូបភាពកេងចំណេញនយោបាយ ។
យោងតាមសេចក្តីប្រកាសព័ត៌របស់អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានធ្វើសកម្មភាពប្រមូលផ្ដុំ សកម្មជនគាំទ្ររបស់ខ្លួន នៅក្នុងបរិវេណប្រាសាទអង្គរវត្ត ក្នុងន័យប្រើប្រាស់រូបភាពសម្បត្តិបេតិកភណ្ឌពិភពលោក ដើម្បីកេងចំណេញនយោបាយ សម្រាប់គណបក្សរបស់ខ្លួន ដែលទង្វើរបៀបនេះ គឺបានធ្វើឱ្យប៉ះពាល់ ដល់តម្លៃប្រាសាទអង្គរវត្តជាខ្លាំង ដោយសារអង្គរជានិម្មិតរូបនៃភាពឧត្តុង្គឧត្តម សាមគ្គីភាព ឯកភាពជាតិ ជាពិសេស គឺជាតំណាងនៃដួងព្រលឹងជាតិខ្មែរផងដែរ ។ ម្យ៉ាងវិញទៀត សកម្មភាពប្រមូលផ្ដុំបែបនេះ បានបង្ហាញពីកង្វះស្មារតីទទួលខុសត្រូវនៅក្នុងសង្គម ក៏ដូចជាការបំពានទៅលើការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលហាមមិនឲ្យមានការប្រមូលផ្តុំបនុស្សច្រើន ក្នុងលក្ខណៈទ្រង់ទ្រាយធំ ។
សេចក្ដីប្រកាសព័ត៌មានបានបន្ថែមទៀតថា កន្លងមកអាជ្ញាធរជាតិអប្សរា ក៏បានធ្វើការប្រកាសជាសាធារណៈហើយដែរ អំពីការហាមឃាត់ក្នុងការយកអង្គរវត្ត ទៅភ្ជាប់នឹងទិដ្ឋភាពនយោបាយផ្សេងៗ។ ដូចនេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បញ្ឈប់នូវរាល់សកម្មភាពទាំងឡាយណា ក្នុងការប៉ុនប៉ងយករូបភាពអង្គរ ទៅប្រើប្រាស់ដើម្បីកេងចំណេញលើផ្នែកនយោបាយរបស់បក្សខ្លួន ៕