សភាកម្ពុជាគាំទ្រឱ្យអាយប៉ា និងអាស៊ាន រួមគ្នាដោះស្រាយវិបត្តិពីជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៧ ០៦ ២០២០

MC: សភាកម្ពុជាគាំទ្រឱ្យអន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) និងអាស៊ាន រួមគ្នាដោះស្រាយវិបត្តិពីជំងឺកូវីដ-១៩ ដែលកំពុងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធរដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ច។
លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា មានប្រសាសន៍ថា ផលប៉ះពាល់ដ៏មហន្តរាយនៃវិបត្តជំងឺកូវីដ-១៩ តម្រូវឱ្យធ្វើកំណែទម្រង់នូវផ្នត់គំនិតឱ្យកាន់តែស៊ីជម្រៅនូវគំរូអភិវឌ្ឍន៍ថ្នាក់ជាតិ និងថ្នាក់តំបន់ក្នុងគោលបំណងដែលទាំងអស់គ្នា អាចសម្រេចបាន នូវសហគមន៍អាស៊ានមួយប្រកបដោយបរិយាប័ន្ន និរន្តភាព ភាពធន់មាំ និងថាមពល។
ការថ្លែងនេះធ្វើឡើងក្នុងឱកាសចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ា នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ តាមរយៈ ប្រព័ន្ធវីដេអូ (Video Conference) កាលពីល្ងាចនៅថ្ងៃទី២៦ ខែមិថុនា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម ដែលជាប្រធានអាស៊ានក្នុងអាណត្តិ ឆ្នា២០២០។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋាភា បានឱ្យដឹងថា កិច្ចប្រជុំកំពូលរវាងអាយ និងអាស៊ាន គឺជាកិច្ចប្រជុំកម្រិតខ្ពស់មួយ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពជិតស្និទ្ធ និងស៊ីជម្រៅថែមទៀតរវាងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងន័យគាំទ្រគ្នាទៅវិញទៅ ដោយផ្តោតលើការផ្លាស់ប្តូរព័ត៌មាន និងការពិភាក្សាលើកិច្ចការរបស់អាស៊ាន និងអាយប៉ានៅគ្រប់កម្រិត ដើម្បីឆ្ពោះទៅរកការសម្រេចបានគោលបំណង នៃសន្តិភាព ស្ថិរភាព និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs) ជាមួយនឹងការពនឿន និងជំរុញឱ្យសម្រេច បាននូវសហគមន៍អាស៊ានមួយ ដោយឈរលើមូលដ្ឋាន ផ្តោតសំខាន់លើប្រជាជន និងយល់ដឹងពីសារៈសំខាន់នៃ
អាស៊ាន។
ក្នុងកិច្ចប្រជុំទល់មុខគ្នារវាងមេដឹកនាំកំពូលអាយប៉ា និងអាស៊ាននៅឆ្នាំនេះ បានសង្កត់ធ្ងន់អំពីក្តីកង្វល់ទៅលើ ស្ថានភាពវិវត្តិចុងក្រោយនៅក្នុងតំបន់ និងសកលលោក ដោយជំងឺរាតត្បាតកូវីដ-១៩ ដើម្បីប្តេជ្ញាចិត្តរួមគ្នាលុបបំបាត់ជំងឺរាតត្បាតនេះ និងធ្វើការស្តារសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញ។
សមាជិកសភាអាយប៉ា គាំទ្រ និងលើកទឹកចិត្តការអនុវត្តគំនិតផ្តួចផ្តើមរបស់អាស៊ានក្នុងបញ្ហានេះ ដោយបន្តនៅជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអាស៊ានក្នុងការអនុវត្តវិធានការណ៍នៃការគ្រប់គ្រងនិងឆ្លើយតបចំពោះជំងឺរាតត្បាត ការពង្រឹងសមត្ថភាពជាតិនៃការត្រៀមខ្លួនក្នុងស្ថានភាពអាសន្ន ការធានាសុខុមាលភាពរបស់ ប្រជាជន ការកែលំអសកម្មភាពសេដ្ឋកិច្ច រក្សាស្ថេរភាព និងអភិវឌ្ឍន៍នៅក្នុងប្រទេស ក៏ដូចជានៅទូទាំងតំបន់៕