ឯកឧត្តមឃួងស្រេងនិងលោកជំទាវប្រគេនទៀនព្រះវស្សានិងគ្រឿងឧបភោគបរិភោគដល់វត្តទាំង១៥០ទូទាំងរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា៖ ដោយ​លោក​ ហុក​ សុខរិន​៖

ឯកឧត្តមឃួងស្រេងនិងលោកជំទាវប្រគេនទៀនព្រះវស្សានិងគ្រឿងឧបភោគបរិភោគជាច្រើនទៀត ដល់វត្តទាំង១៥០វត្តទូទាំងរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកឧបត្ថម្ភគាំទ្រដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅក្នុងឆ្នាំ២០២០នេះ។
ជារៀងរាល់ឆ្នាំតាមគន្លងប្រពៃណីរបស់ព្រះពុទ្ធសានា ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា អមដំណើរដោយលោកនិងលោកស្រី អភិបាលរងរាជធានីភ្នំពេញអភិបាលនិងអភិបាលរងខណ្ឌទាំង១៤ព្រមទាំងមន្រ្តីក្រោមឱវាទសាលារាជធានីភ្នំពេញ បានប្រគល់ជូនដល់អភិបាលខណ្ឌទាំង១៤ ដើម្បីអភិបាលខណ្ឌបន្តប្រគេនទេយ្យទាន ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅតាមវត្តចំនួន១៥០វត្ត ទូទាំងរាជធានីភ្នំពេញ ដើម្បីជួយទំនុកបំរុង និងបង្កលក្ខណៈងាយស្រសួលសម្រាប់ព្រះសង្ឃនៅរដូវវស្សានេះ។
សម្រាប់ឆ្នាំនេះកម្មវិធីប្រគល់ទៀនព្រះវស្សានេះត្រូវបានរៀបចំឡើងនៅក្នុងវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ក្នុងសង្កាត់គីឡូលេខ៦ ខណ្ឌប្ញស្សីកែវ នារសៀលថ្ងៃសុក្រ ៦កើត ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមឃួង ស្រេង បានលើកឡើងថា៖ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រមានការរីកចំរើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទមានជីវភាពធូធារបានចូលរួមកសាងទីវត្តអារ៉ាមឲ្យមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។ ឯកឧត្តមបន្តថា សមិទ្ធផលដ៏មានតម្លៃទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយតម្កល់អត្ថប្រយោជន៍ជាតិ និងប្រជាជនជាធំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ឯកឧត្តមក៏បានស្នើសុំឲ្យប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទំាងអស់ បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងចូលរួមថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព និងសមិទ្ធផលរបស់ជាតិយើងឲ្យបានគង់វង្សប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត។
ក្នុងនោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់សង្កាត់ទាំង១០៥ត្រូវ ចុះពិនិត្យមើលជាក់ស្តែងនៅតាមវត្តនីមួយៗនៅក្នុងមូលដ្ឋាន ក្រែងមានវត្តណាមួយជួបការខ្វះខាត សូមឱ្យយកចិត្តទុកដាក់ទំនុកបំរុង បើគ្មានលទ្ឋភាព សូមផ្តល់ព័ត៌មានអាជ្ញាធរខណ្ឌ និងរាជធានី ដើម្បីចាត់វិធានការទាន់ពេលវេលា ដោយមិនទុកឱ្យវត្តណាមួយ ដាច់ចង្ហាន់ដោយអាជ្ញាធរមិននបានដឹងនោះឡើយក្នុងរដូវចូលព្រះវស្សានេះ។
សូមបញ្ជាក់ថា ក្នុងកម្មវិធីប្រគេនទៀនព្រះវស្សាទាំង១៥០វត្តនេះ ក្នុង១វត្តៗទទួលបានបច្ច័យ១០ម៉ឺនរៀល ទៀនវស្សា១គូ សាដក១កញ្ចប់ អង្ករ ចំនួន១០០គីឡូក្រាម ប្រេងមួយកាន ចំណុះ៣០លីត្រ ស្កស១បាវទំងន់២៥គីឡួក្រាម ទឹកដោះគោ ចំនួន១កេស ៤៨កំប៉ុង ទឹកក្រូច២កេស ទឹកបរិសុទ្ធ២កេស មី២កេស៕