អាជ្ញាធរស្រុកបន្ទាយស្រី តម្លើងអំពូលសូឡាស្វ័យប្រវត្តិតាមមុខផ្ទះនីមួយៗនៅក្នុងភូមិត្រពាំងថ្មសម្រេចបាន១០០ភាគរយហើយ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២៦.០៦.២០២០
MC :

អាជ្ញាធរស្រុកបន្ទាយស្រី តម្លើងអំពូលសូឡាស្វ័យប្រវត្តិតាមមុខផ្ទះនីមួយៗនៅក្នុងភូមិត្រពាំងថ្មសម្រេចបាន១០០ភាគរយហើយ សំដៅធ្វើឲ្យភូមិដ្ឋានមានភ្លើងបំភ្លឺនៅតាមមុខផ្ទះនាពេលរាត្រី ដើម្បីបង្កើនសុវត្ថិភាពក្នុងភូមិ ។អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍……..
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ដោយមានការខិតខំប្រឹងប្រែងពីក្រុមការងារជំនាញ បានធ្វើឲ្យការបំពាក់អំពូលសូឡាក្នុងភូមិត្រពាំងថ្មទាំង២៤៥គ្រួសារត្រូវបានបញ្ចប់ទាំងស្រុង ដែលជាដំណាក់កាលទី២នៃយុទ្ធនាការ “ផ្ទះ១ អំពូល១” ដោយក្នុងដំណាក់កាលទី២នេះ គឺទទួលបានការឧបត្ថម្ភអំពូលសូឡាពីក្រុមហ៊ុនSeatel ។
លោកបានបន្តថា នេះជាការផ្តល់ជូនដ៏មានអត្ថន័យបំផុត ព្រោះភូមិនេះ គឺជាភូមិដែលមានការខ្វះខាតខ្លាំងជាងគេនៅក្នុងស្រុកបន្ទាយស្រី ហើយក៏មិនទាន់មានបណ្តាញចែកចាយអគ្គីសនីចូលមកដល់នៅឡើយ ដោយចាប់ពីពេលនេះទៅពេលរាត្រីនៅក្នុងភូមិទាំងមូល លែងងងឹតសូន្យឈឹងដូចកាលពីមុនទៀតហើយ ។
សំឡេង ៖ គោលបំណងរបស់យើងគឺសុវត្ថិភាពភូមិឃុំ យើងគិតថាបើសិនជាផ្ទះទាំងអស់គ្នាគាត់បើកអំពូលនេះហើយបើកមួយយប់ទល់ភ្លឺ យើងគិតថាវានិងជាប្រយោជន៏ច្រើនដល់ប្រជាជនក្នុងភូមិព្រោះយើងទទួលអារម្មណ៍ថាពេលយប់ក៏ភ្លឺដូចថ្ងៃ ហើយគាត់អាចមានសេរីភាពក្នុងការដើរ ទោះបីយប់ជ្រៅក៏មិនជាបញ្ហាអ្វីដែល ចឹងផ្ទះនៅក្នុងភូមិផ្ទះណាក៏មានពន្លឺអំពូល ដូច្នេះគិតថាសុវត្ថិភាពនៅក្នុងភូមិមានចោរលួចក៏មិនជាបញ្ហាចោទអ្វីដែល ហើយគាត់អាចធ្វើដំណើរបានដោយសេរី។ មួយវិញទៀតផ្ទះមួយចំនួនធំនៅជាប់ថ្នល់ដូច្នេះមួយជ្រុងណាមួយនៃពន្លឺអំពូលនេះនឹងជួយដល់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រោះភាគច្រើននៅក្នុងភូមិគឺមិនមាន ភ្លើងបំភ្លឺសាធារណៈទេ បើសិនជាផ្ទះនីមួយៗគាត់បើកអំពូលទុកចោលមួយផ្ទះមួយគ្រាប់ ដូច្នេះបើគ្រប់ផ្ទះបើកទាំងអស់គ្នា ទោះយ៉ាងណាក៏ស្រុកភូមិរបស់យើងមិនងងឹតស្លុបដែរ ។
លោកអភិបាលស្រុក បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរូមថែរក្សាអំពូលនេះឲ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែង ។លោកបញ្ជាក់ថា យុទ្ធនាការ“ផ្ទះ១ អំពូល១”នេះ គ្រោងនឹងពង្រីកឲ្យបានទូទំាងស្រុកនៅក្នុងឆ្នាំ២០២០នេះ ដែលមានផ្ទះសរុបចំនួនប្រហែល១ម៉ឺនខ្នង ។
សូមបញ្ជាក់ថា យុទ្ធនាការ “ផ្ទះ១ អំពូល១” ដំណាក់កាលទី១ បានធ្វើឲ្យឡើងក្នុងភូមិព្រះដាក់ ដែលមានផ្ទះសរុបចំនួន៥១៨ខ្នង ៕