រដ្ឋបាលខេត្តត្បូងឃ្មុំកំពុងដំណើរការតភ្ជាប់បណ្តាញអគ្គិសនីអោយបានគ្រប់ភូមិនៅទូទាំងខេត្តឲ្យ បាន១០០ភាគរយ

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២០
MC៖

រដ្ឋបាលខេត្តត្បូងឃ្មុំ កំពុងដំណើរការតភ្ជាប់បណ្តាញអគ្គិសនីអោយបានគ្រប់ ភូមិនៅទូទាំងខេត្ត ឲ្យបាន១០០ភាគរយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ អោយទទួលបានថាមពលអគ្គិសនីប្រើប្រាស់គ្រប់ៗផ្ទះ ។
ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា នៅក្នុងខេត្តត្បូងឃ្មុំ ការផ្គត់ផ្គង់ថាមពលអគ្គិសនីជូនប្រជាពលរដ្ឋប្រើប្រាស់ មានចំនួន២ប្រភព គឺ ទី១ មានប្រភពមកពីរាជធានីភ្នំពេញ និងទី២ គឺមានប្រភពមកពីប្រទេសជិតខាងដែលមានក្រុមហ៊ុនកំពុងប្រតិបត្តិការតភ្ជាប់បណ្តាញអគ្គិសនីនេះ មានចំនួន ១៣ក្រុមហ៊ុន។
ឯកឧត្តមបន្តថា ការតភ្ជាប់បណ្តាញអគ្គិសនីជូនប្រជាពលរដ្ឋប្រើប្រាស់ទូទាំងខេត្តត្បូងឃ្មុំនេះ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២១ ឬ ចុងឆ្នាំ ២០២១យ៉ាងយូរ។
« នៅក្នុងឆ្នាំ ២០២០ ការរៀបចំបណ្តាញរបស់យើងនេះ ត្រូវតែអនុវត្តអោយបាន ១០០ លើ១០០ មានន័យថា ចំពោះ ៨៧៣ភូមិនឹង យើងត្រូវតែតបណ្តាញអោយគ្រប់ ៨៧៣ភូមិ តែការតបណ្តាញចូលនឹងវាអាស្រ័យ មានការយឺតយ៉ាវរហូតដល់ អាចថាពាក់កណ្តាលឆ្នាំ ២០២១ ឫ ចុងឆ្នាំ ២០២១យ៉ាងយូរ យើងត្រូវតែអនុវត្តអោយបាន អោយចប់សព្វគ្រប់ទាំង អស់ពាក់ព័ន្ធជា នឹង ការពង្រីកបណ្តាញអគ្គីសនី សម្រាប់បងប្អូនរបស់យើង នៅតាមបណ្តាមូលដ្ឋានរបស់យើង»។
សូមបញ្ជាក់ថា ខេត្តត្បូងឃ្មុំមានភូមិទាំងអស់ចំនួន ៨៧៣ភូមិ ហើយការរាយខ្សែរតភ្ជាប់ បណ្តាញអគ្គីសនីទូទាំងខេត្ត សម្រេចបានរហូតដល់ ៨៤២ភូមិ ស្មើរនឹង ៩៦ ភាគរយ៕