រដ្ឋបាលខេត្ដកំពតកំពុងពន្លឿនការអភិវឌ្ឍនិងកែច្នៃតំបន់ទេសចរណ៍ធម្មជាតិនៅស្រុកទឹកឈូឲ្យកាន់តែសម្បូរបែប

វិទ្យុជាតិកម្ពុជា៖លោកជួន បូណា ២៦ ០៦ ០២០
MC៖

រដ្ឋបាលខេត្ដកំពតកំពុងពន្លឿនការអភិវឌ្ឍនិងកែច្នៃតំបន់ទេសចរណ៍ធម្មជាតិនៅស្រុកទឹកឈូឲ្យកាន់តែសម្បូរបែប ដើម្បីឆ្លើយតបតាមតម្រូវការភ្ញៀវទេសចរដែលកំពុងទៅលេងខេត្តនេះកាន់តែច្រើន។
លោក ភូ លិ អ្នកនាំពាក្យរដ្ឋបាលខេត្ដកំពតបានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា បន្ទាប់ពីពិនិត្យទីតាំង របស់ក្រុមហ៊ុន ដែលវិនិយោគលើ ការអភិវឌ្ឍ និងកែច្នៃតំបន់ទេចរណ៍ធម្មជាតិ នៅភូមិមាត់ពាម ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ក្បែរស្ថានីយន៍រថភ្លើងខេត្តកំពត រួចមក ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានណែនាំឱ្យក្រុមហ៊ុនខិតខំពន្លឿនការអភិវឌ្ឍន៍ និងកែច្នៃតំបន់ទេចរណ៍ធម្មជាតិនេះ ដើម្បីសាងសង់បានរួចរាល់តាមផែនការកំណត់ ។
លោកបានបញ្ជាក់ថា ការជំរុញឱ្យក្រុមហ៊ុនពន្លឿនការអភិវឌ្ឍន៍ និងកែច្នៃតំបន់ទេចរណ៍ធម្មជាតិ នៅស្រុកទឹកឈូនេះ ដើម្បីឆ្លើយតបតាមកំណើនភ្ញៀវទេសចរ ជាពិសេសទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកលេងកម្សាន្ដនៅក្នុងខេត្ដកំពតឱ្យកាន់តែច្រើនបន្ថែមទៀត ។
លោកបានបញ្ជាក់ទៀតថា ក្រោយពីតំបន់ទេចរណ៍ធម្មជាតិនៅស្រុកទឹកឈូនេះដាក់ដំណើរការ វានឹងបានផ្ដល់ផលប្រយោជន៍យ៉ាងច្រើន ដូចជាបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋនៅតំបន់នោះ។
ជាមួយគ្នានេះ ឯកឧត្តម ជាវ តាយ បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន និងអ្នកជំនាញពាក់ព័ន្ធធ្វើការសម្របសម្រួលដល់ប្រជាពលរដ្ឋដែលរស់នៅលើចំណីប្រឡាយ ក៏ដូចជាចំណីផ្លូវរថភ្លើង ឲ្យរុះរើសំណង់តូចៗ ឬរបងសង់លើដីសាធារណៈ និងសិក្សារៀបចំគម្រោងវិនិយោគ ក្នុងការកសាងផ្លូវ រៀបចំសួនច្បារ និងបង្គោលភ្លើងបំភ្លឺសាធារណៈ ដើម្បីពង្រីកការអភិវឌ្ឍន៍ពីក្រុង មកជាយក្រុង សម្រាប់បង្ករលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផងដែរ។
សូមបញ្ជាក់ថា ការអភិវឌ្ឍតំបន់ទេសចរណ៍នៅស្រុកទឹកឈូនេះ លើផ្ទៃដីចំនួន១៧ហិកតា ដែលមានសេវាកំសាន្តដូចជា ការបោះតង់ កន្លែងលេងទឹក កន្លែងហាត់ប្រាណ ជាដើម៕