តំបន់ទេសចរណ៍ទឹកជ្រោះសុភមិត្រ កំពុងអន្ទងចិត្តភ្ញៀវទេសចរទៅលេងកម្សាន្តដោយគ្មានជិនណាយ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៦ មិថុនា ២០២០
MC៖

តំបន់ទេសចរណ៍ទឹកជ្រោះសុភមិត្រ កំពុងអន្ទងចិត្តភ្ញៀវទេសចរទៅលេងកម្សាន្តមិនចេះជិនណាយ ដោយសារតែទីនោះមានទេសភាពទឹកធ្លាក់តាមជ្រលងផ្ទំាងដ៏ស្រស់ស្អាតនាកណ្តាលដងទន្លេមេគង្គក្បែរខ័ណ្ឌសីមាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសឡាវ។
អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម………
ភ្ញៀវទេសចរទំាងឡាយដែលទៅលេងកម្សាន្តនៅខេត្តស្ទឹងត្រែង គឺពុំដែលមើលរំលងឡើយក្នុងការទៅលេងកម្សាន្តតំបន់ទេសចរណ៍ទឹកជ្រោះសុភមិត្រ ដែលជាទីកន្លែងកម្សាន្តដ៏ស្រស់ស្អាតប្រចាំខេត្ត ដោយមានទឹកជ្រោះហូរតាមចន្លោះផ្ទំាងថ្មតូចធំលាយឡំជាមួយផ្សែងអ័ព្វ និងស្នូរដ៏ពិរោះរណ្តំនៃសម្លេង ទឹកហូរប្រដេញគ្នា ដែលធ្វើអោយភ្ញៀវមានអារម្មណ៍សប្បាយរីករាយអស់ទុក្ខកង្វល់។ ភ្ញៀវទេសចរដែលទៅ លេងនៅទីនោះមិនត្រឹមតែបានគយគន់ទេសភាពដ៏ល្អភ្លែកប៉ុណ្ណោះទេ ថែមទំាងបានចុះងូតទឹកលេង កម្សាន្តជាមួយនឹងទឹកដ៏ត្រជាក់ថ្លាឆ្វង់ ឃើញហ្វូងមច្ឆាតូចធំហែលឆ្វាតឆ្វែងផងដែរ។
លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា រមណីយដ្ឋានទឹកជ្រោះសុភមិត្រនេះកំពុងមានប្រជាប្រិយភាពល្បីល្បាញយ៉ាងខ្លាំងពីប្រជាពលរដ្ឋជិតឆ្ងាយអោយទៅលេងកម្សាន្តមិនចេះដាច់ជារៀងរាល់ថ្ងៃ។
លោកបានអោយដឹងទៀតថា បច្ចុប្បន្នទឹកជ្រោះសុភមិត្រ កំពុងមានការអភិវឌ្ឍន៍បន្ថែមទៀតទាំងហេដ្ឋារចនាសម្ព័ន្ធ អាហារដ្ឋាន មានសេវាស្នាក់នៅ និងផលិតផលទេសចរណ៍ជាច្រើនទៀត ដើម្បី បង្កលក្ខណៈងាយស្រួលអោយភ្ញៀវសម្រាកលំហែកាយបានយូរនៅទីនោះ។
សំឡេង៖« ទឹកជ្រោះសុភ័ក្រមិត្ត កំពុងមានភ្ញៀវទៅលេងច្រើន ឥឡូវដោយសារតែមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសមទានទេសចរណ៍មួយចំនួន ដែលកំពុងរៀបចំការវិនិយោគដោយក្រុមហ៊ុនឯកជន គឺមានហេដ្ឋារចនាសម្ព័ន្ធភ្ជាប់ មានអាហារដ្ឋាន មានសេវាស្នាក់នៅ មានសណ្ឋាគារច្រើន។ ឥឡូវក្រុមហ៊ុនគេកំពុងតែអភិវឌ្ឍបន្ថែមទៀតទៅលើផលិតផលទេសចរណ៍ទាក់ទាញមួយចំនួន»។
លោកបន្តថា ទឹកជ្រោះនេះមានកំពស់រហូតដល់ទៅ ២៦ម៉ែត្រ នៅរដូវវស្សាពេលកម្រិតទឹកទន្លេបន្តឡើងខ្ពស់ដល់ចំណុចអតិបរមា ធ្វើអោយទឹកហូរខ្លាំងបំផុតដោយបង្កើតបានជាផ្ទាំងទស្សនីយភាពជាផ្សែងអ័ព្ទមើលទៅពិតជាមានភាពទាក់ទាញខ្លាំង។ ចំពោះរដូវប្រាំងវិញទឹកមិនសូវហូរខ្លាំង ដែលយើងអាចមើលឃើញថ្មខ្លះមានរាងជាដុំពកទាលនិងស្រួចតាមធម្មជាតិ ធ្វើអោយ ទីតាំងទឹកធ្លាក់នោះបានក្លាយជាទីវាលថ្មចំរុះពណ៌គួរអោយគយគន់ ដែលជាចំណីអារម្មណ៍ផ្ដល់ភាពស្រស់ស្រាយ។
សូមបញ្ជាក់ថាកន្លងមកតំបន់ទេសចរណ៍ទឹកជ្រោះដែលជាមានទីតាំងស្ថិតនៅជាប់ព្រំប្រទល់រវាងខេត្តពីរនៃព្រះរាជាណាចក្រកម្ពុជាខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារជាប់ព្រំប្រទល់ជាមួយខេត្តចំប៉ាសាក់នៃប្រទេសឡាវ ត្រូវបានអ្នកខេត្តស្ទឹងត្រែងហៅថា«ទឹកជ្រោះសុភមិត្ត» ចំណែកអ្នកនៅខេត្តព្រះវិហារវិញហៅថា «ទឹកជ្រោះព្រះនិមិត្ត»៕