រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្វាគមន៍ចំពោះកិច្ចសហការជាមួយប្រទេសទីម័រខាងកើត លើវិស័យសារព័ត៌មាន

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៦ មិថុនា ២០២០MC៖

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្វាគមន៍ចំពោះកិច្ចសហការជាមួយប្រទេសទីម័រខាងកើត លើវិស័យសារព័ត៌មាន ដើម្បី ផ្សព្វផ្សាយអោយប្រជាជន ទីម័រ និង ប្រជាជនកម្ពុជា បានស្គាល់គ្នាបានកាន់តែច្បាស់ជាងមុន។
ក្នុងឱកាសទទួលជួបឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃ ទី២៦ ខែមិថុនា ឆ្នាំ២០២០ នាទីស្តីការក្រសួងព័ត៌មាន ក្នុងគោលបំណង រឹតចំណងមិត្តភាព និងកិច្ចសហការលើវិស័យព័ត៌មាននៃប្រទេសទាំងពីរ កម្ពុជានិងទីម័រខាងកើត កាន់តែមានភាពរឹងមាំល្អបន្តទៅថ្ងៃអនាគត ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសំដែងការរីករាយ និងស្វាគមន៍ចំពោះកិច្ចសហការគ្នារវាងប្រទេសទាំងពីរ ពិសេសលើវិស័យសារព័ត៌មាន ដោយក្នុងនោះ ឯកឧត្តម នឹងចាត់បញ្ជូន ថ្នាក់ដឹកនាំ និងអ្នកយកព័ត៌មាន ពីស្ថាប័នទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ទៅធ្វើទស្សនកិច្ច និងថតយក រូបភាព ទិដ្ឋភាព ជីវភាពរស់នៅរបស់ ប្រជាជានទីម័រខាងកើត យកមកធ្វើការផ្សព្វផ្សាយ អោយប្រជាជនកម្ពុជាបានឃើញយល់និងស្គាល់គ្នាកាន់តែជិតស្និតថែមទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តម Ermenegildo Kupa Lopes បានសំដែងនូវការ រីករាយ ដោយបានមកបំពេញបេសកម្មការងារការទូតនៅព្រះរាជណាចក្រកម្ពុជា។ ជាមួយនេះ ឯកអគ្គរដ្ឋទូតទីម័រខាងកើត ក៏បានកោតសរសើរចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការងារសង្គម បំរើដល់ប្រជាជន និងរាជរដ្ឋាភិបាល តាំងពីដើមរហូតមកដល់ពេល បច្ចុប្បន្ននេះ។ ឯកឧត្តម បញ្ជាក់ថា ប្រទេសទីម័រខាងកើត ជាប្រទេសតូច មួយដែលធ្លាប់បានជួបការឈឺចាប់ដូចប្រទេសកម្ពុជា កាលពីពេល កន្លងមក គឺសង្គ្រាមស៊ីវិល ឥតឈប់ឈរ។
ដូច្នេះ ឯកឧត្តម ចង់ពង្រឹងពង្រីកកិច្ចសហការ ជាមួយក្រសួង ព័ត៌មាន តាមរយៈ ការផ្លាស់ប្តូរដំណើរទស្សនកិច្ច រវាងស្ថាប័ន សារព័ត៌មាន នៃប្រទេសទាំងពីរ ដើម្បី ផ្សព្វផ្សាយអោយប្រជាជន ទីម័រ និងប្រជាជនកម្ពុជា បានស្គាល់គ្នាបានកាន់តែច្បាស់ជាងមុន ពិសេសដើម្បីឲ្យប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត៕