សហរដ្ឋអាមេរិករំពឹងថា នឹងត្រូវគ្នាវិញជាមួយរុស្ស៊ី បើទោះបីជាមានផែនការដាក់ពង្រាយកងទ័ពនៅប៉ូឡូញក៏ដោយ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០​ — ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីប៉ូឡូញថា សហរដ្ឋអាមេរិកនៅតែរំពឹងថា នឹងមានទំនាក់ទំនងល្អជាមួយប្រទេសរុស្ស៊ី បើទោះបីជាមានផែនការរៀបចំដាក់ពង្រាយកងទ័ពរបស់ខ្លួនឡើងវិញ ពីប្រទេសអាល្លឺម៉ង់ដល់ប្រទេស ប៉ូឡូញក៏ដោយ។

លោកបាននិយាយថា «ខ្ញុំគិតថា វាបានបញ្ជូនសញ្ញាខ្លាំងមួយទៅកាន់រុស្ស៊ី ប៉ុន្តែខ្ញុំគិតថា សញ្ញាកាន់តែខ្លាំងផ្ញើទៅរុស្ស៊ី គឺជាការពិត ដែលថា អាល្លឺម៉ង់បានចំណាយប្រាក់រាប់ពាន់លានដុល្លារអាម៉េរិកដើម្បីទិញថាមពលពីរុស្ស៊ីតាមរយៈបំពង់បង្ហូរឧស្ម័ន»។

មេដឹកនាំអាម៉េរិករូបនេះបាននិយាយបន្ដថា «ពួកគេ [អាល្លឺម៉ង់] បានចំណាយប្រាក់រាប់ពាន់លានដុល្លារអាម៉េរិកទៅឱ្យប្រទេសរុស្ស៊ី ហើយបន្ទាប់មកយើងត្រូវបានគេសន្មត់ថា ការពារពួកគេពីប្រទេសរុស្ស៊ី។ ខ្ញុំគិតថា វាជារឿងដ៏អាក្រក់ណាស់ ហើយខ្ញុំគិតថា ប្រជាជនអាល្លឺម៉ង់មិនសប្បាយចិត្តទេ ចំពោះរឿងនេះ»។

លោកត្រាំ បាននិយាយបន្ថែមថា «ជាមួយនឹងអ្វីទាំងអស់ដែលត្រូវបាននិយាយនេះ យើងរំពឹងថា នឹងមានទំនាក់ទំនងល្អវិញជាមួយប្រទេសរុស្ស៊ី។ យើងរំពឹងថា នឹងមានទំនាក់ទំនងល្អជាមួយមនុស្សគ្រប់គ្នា»៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)