សហរដ្ឋអាមេរិកនឹងនៅឈរជាមួយសម្ព័ន្ធមិត្ត ចំពេលដែលមានការព្រួយបារម្ភអំពីការសងសឹករបស់ចិន

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០​ — កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូបបាននិយាយឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីការសងសឹករបស់ចិនប្រឆាំងនឹងប្រទេសដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកថា សហរដ្ឋ អាមេរិកនឹងនៅឈរជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន ហើយគាំទ្រពួកគេនូវអ្វីដែលពួកគេត្រូវការ។

លោក Keith Krach អនុរដ្ឋមន្រ្តីទទួលបន្ទុកសម្រាប់កំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាន បានធ្វើអត្ថាធិប្បាយនេះក្នុងអំឡុងពេលនៃកិច្ចសន្ទនាគ្នាជាមួយអ្នកសារព័ត៌មាន នៅពេលដែលត្រូវបានសួរថា តើសហរដ្ឋអាមេរិកគ្រោងការពារប្រទេសនានា ដូចជាកូរ៉េខាងត្បូងពីសកម្មភាពនានា ដោយទីក្រុងប៉េកាំងយ៉ាងដូចម្តេច។

លោក Krach បាននិយាយដោយយោងទៅលើសេចក្តីថ្លែងការណ៍កាលពីពេលថ្មីៗនេះរបស់រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកដែលបានថ្កោលទោស ចំពោះការគំរាមគំហែងរបស់ចិនក្នុងការដាក់ទណ្ឌកម្មទៅលើធនាគារ HSBC របស់ចក្រភពអង់គ្លេស លើកលែងតែទីក្រុងឡុងដ៍អនុញ្ញាតឱ្យក្រុមហ៊ុន Huawei បង្កើតបណ្តាញ 5G របស់ខ្លួន ថា « លោក Mike Pompeo ដឹងច្បាស់ណាស់អំពីរឿងនេះ» ។ លោកបាននិយាយថា យើងនឹងនៅឈរជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើង។ ហើយគាត់ក៏បាននិយាយថា អ្វីក៏ដោយដែលចក្រភពអង់គ្លេសត្រូវការ យើងនៅទីនេះដើម្បីជួយអ្នក ហើយខ្ញុំគិតថា នោះជាការពិតសម្រាប់ប្រទេសណាមួយក៏ដោយ។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានលើកឡើងនូវការព្រួយបារម្ភថា ទីក្រុងសេអ៊ូលអាចនឹងត្រូវបង្ខំចិត្តជ្រើសរើសរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ចំពេលដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងមហាអំណាចទាំងពីរនេះ។

នៅក្នុងវិស័យសេដ្ឋកិច្ច ទីក្រុងវ៉ាស៊ីនតោនបានជំរុញគំនិតផ្តួចផ្តើមបណ្តាញវិបុលភាពសេដ្ឋកិច្ចរបស់ខ្លួនដែលមានគោលបំណងធ្វើពិពិធកម្មបណ្តាញផ្គត់ផ្គង់សកលឱ្យឆ្ងាយពីប្រទេសចិន។

លោក Krach ដែលដឹកនាំគំនិតផ្តួចផ្តើមនេះបាននិយាយថា «យើងពិតជាជឿជាក់ថា មានភាពរឹងមាំក្នុងការឯកភាព និងសាមគ្គីភាពគ្នា។ យើងទាំងអស់គ្នាធ្លាប់មានបទពិសោធន៍ក្នុងការសម្លុតគំរាមរួចហើយ។ នៅពេលដែលមានគេសម្លុត គេនឹងដកថយវិញ ហើយជាពិសេសនៅពេលដែលមានមិត្តភក្តិនៅក្បែរអ្នក»៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)