មិនមានការរីកចម្រើននៅក្នុងទំនាក់ទំនងរុស្ស៊ី – អាម៉េរិកនៅក្នុងវិស័យណាមួយឡើយ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០​ — អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយនៅក្នុងសម័យប្រជុំតាមអ៊ិនធើណេតនៃវេទិកា Primakov Readings ថា ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន មិនត្រូវបានមើលឃើញអំពីវឌ្ឍនភាពអ្វីឡើយ នៅក្នុងគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះជាមួយនឹងករណីលើកលែងដ៏កម្រ ហើយអ្នកនយោបាយអាម៉េរិកមិនចាត់ទុកប្រទេសរុស្ស៊ីជាដៃគូនោះទេ។

លោក Ryabkov បាននិយាយថា «ជាអកុសល យើងមិនអាចនិយាយជាមូលដ្ឋាននូវវិស័យណាមួយនៅក្នុងទំនាក់ទំនងទ្វេភាគី និងវិធីសាស្រ្តរបស់ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោនចំពោះបញ្ហាអន្តរជាតិនោះទេ ជាមួយនឹងករណីលើកលែងដ៏កម្រមួយ ដែលការរីកចម្រើនមានភាពច្បាស់លាស់ និងគួរឱ្យកត់សម្គាល់ត្រូវបានឈានដល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។

អ្នកការទូតជាន់ខ្ពស់រូបនេះបាននិយាយថា នេះ គឺជាស្ថានភាពប្លែកមួយក្នុងរយៈពេលដ៏យូរនៃទំនាក់ទំនងរវាងរុស្ស៊ី – អាម៉េរិក និងសូវៀត – អាម៉េរិក។ យោងតាមលោក Ryabkov បានឱ្យដឹងថា នៅពេលនេះ មន្រ្តីអាម៉េរិកចាត់ទុកប្រទេសរុស្ស៊ីជាកម្មវត្ថុនៃនយោបាយ ហើយមិនគិតពីលទ្ធភាពនៃភាពជាដៃគូជាមួយទីក្រុងមូស្គូនោះទេ។

លោកបានកត់សម្គាល់ថា ជាអកុសល គ្មានការសង្ស័យណាមួយទេដែលថា ប្រទេសរុស្ស៊ីត្រូវបានគេចាត់ទុកថា ជាកត្តាអវិជ្ជមាននៅក្នុងបរិបទក្នុងស្រុកអាម៉េរិក។ «ក្នុងរយៈពេលប៉ុន្មានឆ្នាំនៃតំណែងជាប្រធានាធិបតីរបស់លោក ត្រាំ យើងបានឃើញការផ្លាស់ប្តូរជាច្រើននៃបញ្ហារុស្ស៊ី ហើយភាគច្រើននៃបញ្ហាទាំងនេះ គឺមិនធ្លាប់មានពីមុននោះទេ ដោយសារទស្សនៈនៃការធ្វើបទបង្ហាញ និងការដោះស្រាយបញ្ហានេះជាទូទៅ និងការព្យាករណ៍របស់ខ្លួនចំពោះដំណើរការជាច្រើននៅសហរដ្ឋអាមេរិក»។ លោក Ryabkov បាននិយាយថា ឆ្ពោះទៅរកការបោះឆ្នោតនៅថ្ងៃទី៣ ខែវិច្ឆិកា បញ្ហារបស់រុស្ស៊ីនឹងត្រូវបានផ្សព្វផ្សាយនៅក្នុងការ តស៊ូនយោបាយក្នុងស្រុករបស់សហរដ្ឋអាមេរិក។

អ្នកការទូតជាន់ខ្ពស់រូបនេះបាននិយាយបន្ថែមថា «យើងមិនអាចនិយាយបានទេថា តើរដ្ឋបាលមួយណា តើជាគណបក្សសាធារណរដ្ឋ ឬប្រជាធិបតេយ្យដែលនឹងកាន់អំណាចនៅទីក្រុងវ៉ាស៊ីនតោននៅឆ្នាំក្រោយ ហើយបន្ទាប់ពីការឡើងកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកនោះ វានឹងធ្វើឱ្យមានភាពប្រសើរឡើងសម្រាប់យើងដែរក៏យ៉ាងណានោះទេ»៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)