ក្រុមប្រឹក្សាសន្តិសុខជាតិពិភាក្សាអំពីស្ថានការណ៍កូរ៉េខាងជើង នឹងប្តេជ្ញាប្រឹងប្រែងបញ្ឈប់ភាពតានតឹង

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០​ — Cheong Wa Dae បាននិយាយថា បណ្តាមន្រ្តីសន្តិសុខជាតិកំពូលរបស់ប្រទេសកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់ពួកគេ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីការពារភាពតានតឹងអន្តរកូរ៉េកុំឱ្យមានការកើនឡើងទៀត។

នៅក្នុងសម័យប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) សមាជិកទាំងអស់បានពិភាក្សាគ្នាអំពីស្ថានភាពទាក់ទងនឹងប្រទេសកូរ៉េខាងជើង។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងជំនួយការសន្តិសុខរបស់លោកបានព្យាយាមស្វែងយល់ពីសាវតារ នៃការផ្លាស់ប្តូរថ្មីរបស់ប្រទេសជិតខាងកុម្មុយនិស្តមួយនេះ ដោយមិនអាចទាយទុកជាមុនបានដែលសំដៅឆ្ពោះទៅកូរ៉េខាងត្បូង។

កាលពីដើមខែនេះ គេបានបំផ្លាញការិយាល័យទំនាក់ទំនងរួមគ្នាមួយនៅក្នុងក្រុងព្រំដែន Kaesong របស់ខ្លួនដោយលើកឡើងអំពីការខកខានរបស់រដ្ឋបាលលោក មូន ក្នុងការបញ្ឈប់សកម្មជននៅទីនេះពីការផ្ញើប៉េងប៉ោងដែលបានដាក់ខិត្តប័ណ្ណឃោសនាប្រឆាំងនឹងទីក្រុងព្យុងយ៉ាងឆ្លងកាត់ព្រំដែន។

ទីក្រុងព្យុងយ៉ាងបានកាត់ផ្តាច់រាល់បណ្តាញទំនាក់ទំនងអន្តរកូរ៉េ ហើយបានគំរាមធ្វើសកម្មភាពយោធាបន្ថែមទៀត ដូចជាការដាក់កងទ័ពឡើងវិញនៅតាមតំបន់ព្រំដែនមួយចំនួនដែលជាការបណ្តាក់ទុនរួមគ្នារវាងប្រទេសកូរ៉េទាំងពីរ។

ទោះជាយ៉ាងណា កាលពីថ្ងៃពុធ កូរ៉េខាងជើងបានធ្វើសេចក្តីប្រកាសភ្លាមៗអំពីសេចក្តីសម្រេចដើម្បីផ្អាកផែនការយោធានេះ៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)