ប្រទេសសិង្ហបុរីដាក់ចេញនូវលក្ខខណ្ឌអាជ្ញាប័ណ្ណថ្មីសម្រាប់ទីភ្នាក់ងារផ្តល់ការងារ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០​ — ក្រសួងថាមពលនៃប្រទេសសិង្ហបុរីបានចេញបទប្បញ្ញត្តិថ្មីមួយ ដែលតម្រូវឱ្យទីភ្នាក់ងារផ្តល់ការងារនៅក្នុងប្រទេសនេះបំពេញលក្ខខណ្ឌអាជ្ញាប័ណ្ណថ្មី ដើម្បីពង្រឹងការអនុវត្តការជួលដោយយុត្តិធម៌។

ទីភ្នាក់ងារផ្តល់ការងារប្រមាណជិត ៣.៩០០ ដែលមានការអនុញ្ញាតពីក្រសួង MOM មិនត្រូវធ្វើការជ្រើសរើសដោយការរើសអើងចំពោះអតិថិជនរបស់ពួកគេនោះទេ ដូចជាការដកហូតពាក្យសុំដោយផ្អែកលើអាយុ ពូជសាសន៍ ភេទ និងពិការភាពជាដើម។

ក្រសួង MOM បាននិយាយថា ក្រៅពីការជួយដល់អតិថិជនក្នុងការបំពេញតម្រូវការការផ្សព្វផ្សាយការងារ ទីភ្នាក់ងារផ្តល់ការងារក៏ត្រូវតែខិតខំប្រឹងប្រែងឱ្យសមហេតុផលដើម្បីទាក់ទាញប្រជាជនសិង្ហបុរីសម្រាប់មុខតំណែង និងពិចារណាចំពោះបេក្ខជនទាំងអស់ដោយផ្អែកលើគុណសម្បត្តិដែលគេមាន។

លក្ខខណ្ឌអាជ្ញាប័ណ្ណទាំងនេះមានសុពលភាពចាប់ពីខែតុលា ហើយអាជ្ញាប័ណ្ឌដែលមិនគោរពតាមលក្ខខណ្ឌទាំងនោះអាចនឹងត្រូវបានដកហូត ឬបញ្ឈប់ ឬត្រូវបានដកពិន្ទុ។

បទប្បញ្ញត្តិថ្មីនេះ បានកើតឡើងចំពេលដែលអត្រាគ្មានការងារធ្វើមានការកើនឡើងនៅក្នុងប្រទេសនេះដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ។ អត្រានេះត្រូវបានគេព្យាករណ៍ថា នឹងលោតដល់ ៤ភាគរយនៅចុងឆ្នាំ ២០២០ ពី ២,៦ភាគរយដែលបានកត់ត្រាកាលពីឆ្នាំមុន។ នេះត្រូវបានគេចាត់ទុកថា ជាជំហានបន្ទាប់របស់រដ្ឋាភិបាលសិង្ហបុរីដើម្បីដោះស្រាយការងារសម្រាប់ប្រជាជនក្នុងតំបន់ នៅពេលដែលការបោះឆ្នោតជាសកលកំពុងខិតជិតមកដល់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)