ប្រទេសហ្វីលីពីនគ្រោងនឹងចំណាយថវិកាចំនួន ៨៦ប៊ីលានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២១ដើម្បីស្តារឡើងវិញក្រោយជំងឺរាតត្បាត

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០​ — រដ្ឋាភិបាលហ្វីលីពីនកំពុងស្វែងរកថវិកាចំនួន ៤,៣ទ្រីលានប៉េសូ (៨៥,៩៧ប៊ីលានដុល្លារអាមេរិក) សម្រាប់ឆ្នាំ ២០២១ ដោយផ្តោតទៅលើការធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ចដែលរងការវាយប្រហារដោយ មេរោគកូរ៉ូណាវីរុស។

លេខាធិការថវិកា លោក Wendel Avisado បាននិយាយថា សេចក្តីព្រាងថវិកាដែលគ្រោងនឹងដាក់ជូនសភានៅពេលដែលអង្គប្រជុំបន្តកិច្ចប្រជុំនៅខែក្រោយនេះ គឺមានចំនួន ៥ភាគរយខ្ពស់ជាងថវិកាចំនួន ៤,១ទ្រីលានប៉េសូសម្រាប់ឆ្នាំនេះ។

ការចំណាយនៅឆ្នាំក្រោយ ត្រូវបានរៀបចំឡើងបន្ថែមទៀតសម្រាប់ប្រព័ន្ធថែទាំសុខភាព ធានាសន្តិសុខស្បៀង ការពន្លឿនការផ្លាស់ប្តូរឌីជីថលរបស់រដ្ឋាភិបាល នឹងជួយសហគមន៍ឱ្យមានការងើបឡើងវិញ។

ថវិកាដែលបានស្នើសុំ គឺដាច់ដោយឡែកពីកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចចំនួន ១,៣ទ្រីលានប៉េសូ ដែលសភាជាន់ទាបបានអនុម័តកាលពីដើមខែនេះ នឹងផែនការជំរុញមួយផ្សេងទៀត ដែលកំពុងពិភាក្សានៅឯព្រឹទ្ធសភា។

លោក Avisado បាននិយាយថា វានឹងជួយរដ្ឋាភិបាលឱ្យឆ្លងផុតពីការឆ្លងរាលដាលនៃជំងឺរាតត្បាត នឹងផ្តល់នូវប្រភេទសកម្មភាព និងគម្រោងសម្រាប់ប្រជាជន ជាពិសេសអ្នកដែលបាត់បង់ការងារ។

រដ្ឋបាលរបស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte កំពុងប្រឈមមុខនឹងភារកិច្ចដ៏ធំធេងនៃការធ្វើឱ្យមានកំណើនឡើងវិញ នឹងបង្កើតការងារនៅក្នុងឆ្នាំ២០២១ មុនពេលអាណត្តិ ៦ឆ្នាំ របស់លោកត្រូវបានបញ្ចប់នៅខែមិថុនា ឆ្នាំបន្ទាប់។

ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះធ្លាប់ទទួលបានអត្រាកំណើនសេដ្ឋកិច្ចលឿនបំផុតមួយរបស់ពិភពលោកមុនពេលមេរោគឆ្លងកូរ៉ូណាវីរុស ដែលបង្កការបំផ្លិចបំផ្លាញដល់អាជីវកម្មសកលលោក ហើយដែលត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះពី ២,៣ ទៅ ៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងឆ្នាំនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)