ប្រទេសចិននឹងកាត់បន្ថយឱ្យអស់តែម្តង នូវការផ្ទុះឡើងនៃជំងឺឆ្លងកូរ៉ូណាវីរុសនៅចុងខែកក្កដា

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០​ — កាលពីថ្ងៃព្រហស្បតិ៍ លោក Zhang Boli ប្រធានសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនបុរាណ Tianjin និងជាប្រធានកិត្តិយសនៃបណ្ឌិតសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិនបាននិយាយថា អាជ្ញាធរនៅទីក្រុងប៉េកាំងត្រូវបានគេរំពឹងថា នឹងទប់ស្កាត់បានទាំងស្រុងនូវការផ្ទុះឡើងដែលបណ្តាលមកពីការឆ្លងមេរោគកូរ៉ូណាវីរុសនេះនៅពាក់កណ្តាល ឬចុងខែកក្កដាខាងមុខ។

កាសែត Jian Kang Bao បានដកស្រង់សំដីលោកដែលបាននិយាយថា «ដោយអរគុណចំពោះវិធានការទាន់ពេលវេលា និងម៉ឺងម៉ាត់របស់រដ្ឋាភិបាលទីក្រុងប៉េកាំងក្នុងការគ្រប់គ្រង និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ [ដែលបានកត់ត្រានៅក្នុងទីក្រុង] ការផ្ទុះឡើងនៃចង្កោមនៃមេរោគកូរ៉ូណាវីរុសជាទូទៅត្រូវបានគ្រប់គ្រងបាន។ វាត្រូវបានគេប៉ាន់ប្រមាណថា នៅចុងខែមិថុនានេះ ការកើនឡើងប្រចាំថ្ងៃនៃការឆ្លងថ្មីនឹងត្រូវកាត់បន្ថយមកត្រឹមមួយតួលេខ ហើយនៅពាក់កណ្តាល ឬចុងខែកក្កដាវានឹងត្រូវកាត់បន្ថយមកត្រឹមសូន្យ។

គ្រូពេទ្យរូបនេះបានកត់សម្គាល់ថា «អរគុណចំពោះការរកឃើញដំបូងនៃការឆ្លង នឹងការដាក់ឱ្យនៅដាច់ដោយឡែកនៃអ្នកដែលបានឆ្លងទាន់ពេលវេលា ដែលធ្វើឱ្យអ្នកជំងឺជាង ៩០ភាគរយ មានរោគសញ្ញាស្រាលនៃជំងឺនេះ» ។ ក្នុងពេលជាមួយគ្នានេះដែរ អ្នកជំងឺដែលធ្ងន់ធ្ងរក៏ស្ថិតក្នុងស្ថានភាពមានស្ថិរភាពផងដែរ។

កាលពីសប្តាហ៍មុន ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ត្រូវបានគេកត់ត្រានៅឯផ្សារ Xinfadi ដែលជាផ្សារលក់ដុំធំបំផុតរបស់ទីក្រុងប៉េកាំងនៅភាគខាងត្បូងនៃសង្កាត់ Fengtai ។ អ្នកឆ្លងភាគច្រើន គឺ Ca អ្នកលក់ក្នុងស្រុក សាច់ញាតិ និងមិត្តភក្តិរបស់គេ។ ចាប់តាំងពីថ្ងៃទី១១ ខែមិថុនា មក មានករណីឆ្លងមេរោគកូរ៉ូណា វីរុសចំនួន ២៦៩ករណីត្រូវបានបញ្ជាក់នៅក្នុងទីក្រុងនេះ ដែលភាគច្រើននៅក្នុងសង្កាត់ Fengtai ។ គិតត្រឹមថ្ងៃព្រហស្បតិ៍ មានអ្នកជំងឺចំនួន ២២នាក់មិនមានរោគសញ្ញានៃជំងឺនេះទេ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)