អាស៊ានឆ្នាំ ២០២០៖ កិច្ចសហប្រតិបត្តិការយុវជន ជួយរឹតបន្តឹងទំនាក់ទំនងក្នុងសហគមន៍អាស៊ាន

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០​ — ការលើកកម្ពស់តួនាទីរបស់យុវជននៅក្នុងអាស៊ាននឹងមិនត្រឹមតែជួយពង្រឹងនិរន្តរភាពនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរឹតចំណងសាមគ្គីភាព និងមិត្តភាពក្នុងចំណោមប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចសហប្រតិបត្តិការយុវជននៅក្នុងក្របខ័ណ្ឌអាស៊ាននិងអាស៊ាន បូក បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តអាទិភាពរបស់ប្លុកនេះ។

កម្មវិធីសន្និសីទ និងគម្រោងនានាដែលមានប្រធានបទផ្សេងៗគ្នាត្រូវបានរៀបចំឡើងសម្រាប់យុវជនក្នុងរដ្ឋជាសមាជិកអាស៊ាន ដោយផ្តោតសំខាន់ទៅលើការការពារបរិស្ថាន និងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ជួយយុវជនឱ្យបង្កើនជំនាញ នឹងគាំទ្រពួកគេក្នុងសកម្មភាពនៃការចាប់ផ្តើមអាជីវកម្ម។

ព្រឹត្តិការណ៍ដែលគួរឱ្យកត់សម្គាល់រួមមាន កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានស្តីពីយុវជន (AMMY) កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានប្រចាំឆ្នាំស្តីពីយុវជន (SOMY) កិច្ចប្រជុំ AMMY Plus កិច្ចប្រជុំ SOMY Plus និងកិច្ចប្រជុំយុវជនអាស៊ាន។

ដើម្បីកសាងនឹងលើកកម្ពស់ជំហររបស់ខ្លួននៅក្នុងតំបន់ ប្រទេសជប៉ុនបានយកចិត្តទុកដាក់ជាពិសេសដល់យុវជនដែលជាអ្នកដឹកនាំនាពេលអនាគតតាមរយៈការផ្តួចផ្តើមសកម្មភាពសហប្រតិបត្តិការជាច្រើន ជាពិសេសកម្មវិធីនាវាសម្រាប់យុវជនអាស៊ីអាគ្នេយ៍ (SSEAYP) កម្មវិធីបណ្តុះបណ្តាលរបស់អង្គការ JICA សម្រាប់យុវជនជាអ្នកដឹកនាំ និងកម្មវិធីបណ្តាញជប៉ុន-អាស៊ីបូព៌ានៃការផ្លាស់ប្តូរសម្រាប់និស្សិត និងយុវជន (JENESYS) ជាដើម។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានបូកចិនលើកទី១ ស្តីពីយុវជនក្នុងឆ្នាំ២០០៤ បានអនុម័តនូវសេចក្តីប្រកាសទីក្រុងប៉េកាំង ស្តីពីកិច្ចសហប្រតិបត្តិការយុវជនអាស៊ាន – ចិន និងផែនការសកម្មភាពរួមគ្នាដើម្បី អនុវត្តសេចក្តីប្រកាសនេះ។ ដូច្នោះ ប្រទេសចិនរៀបចំសិក្ខាសាលា វេទិកា និងការផ្លាស់ប្តូររវាងយុវជន អាស៊ាន និងប្រជាជនចិនជារៀងរាល់ឆ្នាំ ដូចជាជំរុំយុវជនអាស៊ាន – ចិន និងកម្មវិធីមេគង្គ – ឡានឆាងជាដើម។

ទន្ទឹមនឹងនេះដែរ សាធារណរដ្ឋកូរ៉េបានផ្តួចផ្តើម និងរៀបចំសកម្មភាពសហប្រតិបត្តិការយុវជនជាច្រើនជាមួយអាស៊ាន រួមមានកម្មវិធីផ្លាស់ប្តូរទិសដៅអនាគតអាស៊ាន – កូរ៉េ និងវេទិកាព្រំដែនអាស៊ាន – កូរ៉េ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)