អាស៊ានឆ្នាំ ២០២០៖ រួមដៃគ្នាដើម្បីផ្តល់អំណាចដល់ស្ត្រី

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០​ — បណ្តាថ្នាក់ដឹកនាំមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងប្រមូលផ្តុំគ្នានៅក្នុងសម័យប្រជុំពិសេសមួយនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ នៅថ្ងៃទី២៦ ខែមិថុនា ដើម្បីពិភាក្សាអំពីការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនៅក្នុងយុគសម័យឌីជីថលជាលើកដំបូង។

​សម័យប្រជុំដែលផ្តួចផ្តើមដោយប្រទេសវៀតណាមនេះ មានគោលបំណងបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់មេដឹកនាំអាស៊ានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងតួនាទីរបស់ស្ត្រីក្នុងការកសាងសហគមន៍អាស៊ាន និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៃប្លុកនេះ។

វាក៏ជាខួបលើកទី២៥ នៃសេចក្តីប្រកាសទីក្រុងប៉េកាំង និងវេទិកាសម្រាប់សកម្មភាពផងដែរ។

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី៣ ស្តីពី ស្ត្រី (AMMW) ក្រោមប្រធានបទ «ការគាំពារសង្គមសម្រាប់ស្ត្រី និងកុមារី ឆ្ពោះទៅរកចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥» នៅទីក្រុងហាណូយ ក្នុងឆ្នាំ ២០១៨ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាននិយាយថា ស្ត្រី និងកុមារីបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកសាងសហគមន៍អាស៊ាន ដោយលោកបានកត់សម្គាល់ថា ពួកគេម្នាក់ៗត្រូវតែមានសិទ្ធិស្មើគ្នាទាំងក្នុងគ្រួសារ និងសង្គម។

ចាប់តាំងពីអាស៊ានត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៧ មក ស្ត្រីបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរីកចម្រើន និងវិបុលភាពរបស់ប្រទេសជាសមាជិក។

ពួកគេបានខិតខំធ្វើឱ្យប្រសើរឡើងនូវតួនាទីរបស់ពួកគេ ជាមួយនឹងការបង្កើតរង្វង់ស្ត្រីសហគមន៍ អាស៊ាននៅទីក្រុងហាណូយក្នុងឆ្នាំ ២០១៥ ក្រុមភរិយា និងមន្រ្តីស្ត្រីនៃក្រសួងការបរទេសវៀតណាម និងការិយាល័យតំណាងនៃបណ្តាប្រទេសសមាជិកអាស៊ាននៅទីក្រុងហាណូយ។

ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ក្រុមនេះបានរៀបចំសកម្មភាពវប្បធម៌ជាច្រើន និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដោយរួមចំណែកដល់ការពង្រឹងទំនាក់ទំនងរវាងគ្នាទៅវិញទៅមក។

ការចុះបញ្ជីស្ត្រីអាស៊ានដើម្បីសន្តិភាព(AWPR)ក៏ត្រូវបានបង្កើតឡើងផងដែរនៅក្នុងប្រទេសហ្វីលីពីនក្នុងឆ្នាំ ២០១៨ ដើម្បីលើកកម្ពស់ការចូលរួម និងការរួមចំណែករបស់ស្ត្រីក្នុងដំណើរការសន្តិភាព ការដោះស្រាយបញ្ហាសន្តិសុខប្រពៃណី និងមិនមែនប្រពៃណី ដែលកំពុងកើតឡើងនៅក្នុងតំបន់ និងការអនុវត្តរបស់មេដឹកនាំអាស៊ាននូវសេចក្តីថ្លែងការណ៍រួម ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ក្នុងឆ្នាំ ២០១៧ ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)