សម្តេចតេជោជំរុញឲ្យអាស៊ានបង្កើតយុទ្ធសាស្រ្ត ដើម្បីដោះស្រាយផលប៉ះពាល់ក្រោយជំងឺកូវីដ១៩បញ្ចប់

វិទ្យុជាតិកម្ពុជា៖ យី វិច្ឆិកា ២៦ ០៦ ២០២០
MC៖

សម្តេចតេជោ ជំរុញឲ្យអាស៊ានបង្កើតយុទ្ធសាស្រ្ត ដើម្បីដោះស្រាយផលប៉ះពាល់ក្រោយជំងឺកូវីដ១៩បញ្ចប់ ដើម្បីស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ ។
ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួតនិងការឆ្លើយតប » ដែលប្រព្រឹត្តទៅតាមរយ:ប្រព័ន្ធវីដេអូ conferance នៅព្រឹកថ្ងៃទី២៦ ខែមិថុនា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងកម្រិតតំបន់ យើងទាំងអស់គ្នាពិតជាមានមោទនភាព ដែលអាស៊ានទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បើប្រៀបធៀបនឹងតំបន់ផ្សេងៗទៀត ។ សម្តេចតេជោបន្តថា ទោះបីជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អាស៊ានបានជោគជ័យជាងតំបន់ផ្សេងក៏ពិតមែន ប៉ុន្តែបញ្ហាសេដ្ឋកិច្ចវិញ គឺបានរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ ។ សម្តេចតេជោបន្តទៀតថា ដើម្បីឲ្យសម្រេចគោលដៅរបស់អាស៊ាន ក៏ដូចជាស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ សម្តេចស្នើដល់សមាជិកអាស៊ានទាំងអស់ ដាក់ចេញនៅផែនការអ្វីមួយក្នុងការដោះស្រាយវិបត្តិនេះ ដែលធានាបានការលើកកម្ពស់សេដ្ឋកិច្ច។
សំឡេង « ជាទិសដៅទៅមុខ អាស៊ានពិតជាមានភាពចាំបាច់ជាយុទ្ធសាស្ត្រ ក្នុងការត្រៀមខ្លួនឱ្យបានល្អសម្រាប់ក្រោយអំឡុងពេលវិបត្តិកូវីដ-១៩ ។ ដើម្បីសម្រេចបាននូវគោលដៅនេះ អាស៊ានគួរបង្កើតផែនការស្តារឡើងវិញមួយ ប្រកបដោយភាពជាក់លាក់ និងប្រុងប្រយ័ត្ន តាមរយៈការដាក់ចេញនូវសេណារីយ៉ូមួយចំនួន សម្រាប់បើកឱ្យដំណើរការជាបណ្តើរៗ ក្នុងការធ្វើដំណើរឆ្លងកាត់ព្រំដែន និង ប្រតិបត្តិការពាណិជ្ជកម្ម រវាងប្រទេសក្នុងតំបន់ និង ការស្តារឡើងវិញនូវវិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនេះ » ៕