សម្តេចតេជោប្រកាសគាំទ្រពេញទំហឹងឲ្យប្រទេសទីម័រឡេស្ដេចូលជាសមាជិកពេញសិទ្ធិក្នុងសហគមន៍អាស៊ាន

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៦ ០៦ ២០២០
MC៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជានាចក្រកម្ពុជាបាន ប្រកាសគាំទ្រពេញទំហឹងឲ្យប្រទេសទីម័រឡេស្ដេ ចូលជាសមាជិកពេញសិទ្ធិក្នុងសហគមន៍អាស៊ាន ដើម្បីពង្រីកសក្តានុពលអាស៊ានកាន់តែធំជាងមុន ។
ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ « ភាពស្អិតរមួតនិងការឆ្លើយតប » ដែលប្រព្រឹត្តទៅតាមរយ:ប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការចូលជាសមាជិករបស់ប្រទេសទីម័រឡេស្ដេ ពិតជាមានសារៈសំខាន់ណាស់ មិនត្រឹមតែជា យុទ្ធសាស្ត្រសម្រាប់យើង ក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ រវាងមហាអំណាចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ ការសម្រេចក្តីសុបិន្តរបស់បិតាស្ថាបនិកអាស៊ាន ក្នុងការបង្រួបបង្រួមប្រទេសទាំង អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រោមឆ័ត្រអាស៊ានផងដែរ ។
សំឡេង « ខ្ញុំសូមបញ្ជាក់ ឡើងវិញនូវការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា និង ទន្ទឹងរង់ចាំការដាក់បញ្ចូលទីម័រឡេស្តេ ជាសមាជិកពេញ សិទ្ធិរបស់អាស៊ាន ។ ខ្ញុំមានសុទិដ្ឋិនិយមថា សមាជិកភាពរបស់ទីម័រឡេស្តេ មិនត្រឹមតែមានសារៈសំខាន់ជា យុទ្ធសាស្ត្រសម្រាប់យើង ក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចប៉ុណ្ណោះ ទេ, ប៉ុន្តែ ថែមទាំងសម្រាប់ការសម្រេចក្តីសុបិន្តរបស់បិតាស្ថាបនិកអាស៊ាន ក្នុងការបង្រួបបង្រួមប្រទេសទាំង អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រោមឆ័ត្រអាស៊ានផងដែរ ។ ក្នុងស្មារតីនេះ, យើងគួរបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលទីម័រឡេស្តេដើម្បីដោះស្រាយរាល់បញ្ហាធំៗដែលប្រទេសនេះកំពុងជួបប្រទះ សំដៅជួយ បំពេញរាល់នីតិវិធី និង លក្ខខណ្ឌតម្រូវចាំបាច់នានា ឱ្យបានឆាប់ »។
សូមបញ្ជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ។ ដំបូងឡើយមានប្រទេសចំនួន៥ គឺប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ ។ ចាប់ពីឆ្នាំ១៩៨៤មក ទើបបណ្ដាប្រទេសដទៃ៥ទៀត បានចូលជាសមាជិកជាបន្តបន្ទាប់ដូចជា ប្រទេស ប្រ៊ុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងប្រទេសកម្ពុជា ៕