កម្ពុជាប្រើថវិកាធនាគារពិភពលោក៥៥លានដុល្លារ សម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៦ ០៦ ២០២០
MC:

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កម្ពុជាប្រើប្រាស់ហិរញ្ញប្បទានពីធនាគារពិភពលោក៥៥លានដុល្លារអាមេរិក សម្រាប់គម្រោងកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ។
ថ្លែងក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការ ដឹកនាំដំណើរការអនុវត្តគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក កាលពីថ្ងៃទី២៥ ខែមិថុនា ឯកឧត្ដម កឹម បុរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម បានបញ្ជាក់ថា គម្រោងនេះបែងចែកជាពីរសមាសភាគ ដែលសមាសភាគទី១ ផ្នែកការផ្គត់ផ្គង់ទឹកស្អាត អនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ការសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនៅក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ស្រុកស្ទោងនិងស្រុកសន្ទុកខេត្តកំពង់ធំ ស្រុកប្រាសាទបាគងនិងស្រុកសូទ្រនិគម ខេត្តសៀមរាប ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ស្រុកសាមគ្គីមានជ័យនិងស្រុកទឹកផុសក្នុងខេត្តកំពង់ឆ្នាំង។
ចំណែកសមាសភាគទី២ សំដៅផ្នែកអនាម័យ ដែលអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ផ្តោតការយកចិត្តទុកដាក់លើការគាំទ្រដល់ការអភិវឌ្ឍ និងសាងសង់បណ្តាញលូខ្នែង តភ្ជាប់ទៅប្រព័ន្ធលូមេបច្ចុប្បន្នក្នុងទីក្រុងសៀមរាប ដើម្បីឱ្យលំនៅឋាន និងទីតាំងអាជីវកម្មអាចតភ្ជាប់ដោយផ្ទាល់ទៅនឹងប្រព័ន្ធលូក្រុង។
ឯកឧត្តម មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំការគាំទ្រពីធនាគារពិភពលោក សម្រាប់ការអភិវឌ្ឍ និងសាងសង់បណ្តាញលូខ្នែង និងខ្នែងរងនៅទូទាំងទីក្រុង ដើម្បីចូលរួមចំណែកធានាឱ្យបាននូវបរិស្ថានស្អាត សុខភាពអនាម័យសាធារណៈល្អប្រសើរ លើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ ស្តពីពីការទទួលបានទឹកស្អាតប្រើប្រាស់ និងអនាម័យប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា៕