សហរដ្ឋអាមេរិកនឹងផ្តល់ជំនួនឥតសំណង៥៦លានដុល្លារបន្ថែមទៀតដល់ការអភិវឌ្ឍនៅកម្ពុជា

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៦ ០៦ ២០២០
MC:

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនានេះ បានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ៥៦លានដុល្លារអាមេរិក បន្ថែមទៀត ដល់ការអភិវឌ្ឍនៅកម្ពុជា។
ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍនៅកម្ពុជានេះ គឺ៣៨លានដុល្លារ សម្រាប់វិស័យសុខាភិបាល និងអប់រំ ចំណែកឯ ចំនួន១៨លានដុល្លារទៀត សម្រាប់វិស័យកសិកម្ម និងបរិស្ថាន នានានៅកម្ពុជា។ ឯកឧត្តម បញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្តេជ្ញាបន្តការគាំទ្ររបស់ខ្លួនចំពោះប្រជាជនកម្ពុជា ក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចមួយប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌។
ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា ការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍទ្វេភាគីនេះ គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងប្រទេសទាំងពីរ។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា គម្រោងនេះ រដ្ឋាភិបាលអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) នឹងបន្តធ្វើការងារដោយផ្តោតលើការកាត់បន្ថយអត្រាមរណៈភាពមាតា និងទារកដែលមានអាយុក្រោម៥ឆ្នាំ ក៏ដូចជាផ្តល់ការគាំទ្រលើកាត់បន្ថយជំងឺក្រិន និងជំងឺខ្វះគ្រាប់ឈាមក្រហមរបស់កុមារ និងស្ត្រី និងកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃជំងឺអេដស៍ជំងឺ របេង និងជំងឺគ្រុនចាញ់។
សម្រាប់វិស័យអប់រំ នឹងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពការអានរបស់កុមារ កាត់បន្ថយ អត្រាបោះបង់ចោលការសិក្សានៅថ្នាក់វិទ្យាល័យ និងបំពាក់បំប៉នបន្ថែមដល់ប្រជាជនកម្ពុជាក្នុងការឈានចូលទៅក្នុងទីផ្សារពលកម្ម។
ចំពោះវិស័យកសិកម្ម នឹងផ្តល់ការគាំទ្រលើកម្មវិធីនានាក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ការផលិតគ្រាប់ពូជសំខាន់ៗ និងអាហារូបត្ថម្ភក្នុងសហគមន៍ជនបទ ខណៈកម្មវិធីបរិស្ថាន ផ្តល់ការគាំទ្រលើការកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាជន ក៏ដូចជាតំបន់ទេសភាពដែលទទួលរងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ។
ចាប់តាំងពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ការគាំទ្រ ដល់ប្រទេសកម្ពុជាក្នុងហិរញ្ញប្បទានប្រមាណជាង១ពាន់លានដុល្លារ៕