សម្តេចតេជោ ស្នើឲ្យសមាជិកអាស៊ានទាំងអស់ រួមគ្នាប្រយុទ្ធជំងឺកូវីដ១៩ដោយកុំប្រកាន់និន្នាការឬបែងចែកសម្ព័ន្ធមិត្តគ្នា

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៦ ០៦ ២០២០
MC៖

សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យសមាជិកអាស៊ានទាំងអស់ រួមគ្នាប្រយុទ្ធជំងឺកូវីដ១៩ដោយកុំប្រកាន់និន្នាការ ឬបែងចែកសម្ព័ន្ធមិត្តគ្នា ដើម្បីធានាទប់ស្កាត់ជម្ងឺដ៏កាចសាហាវនេះឲ្យកាន់ តែមានប្រសិទ្ធភាព។
ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ « ភាពស្អិតរមួតនិងការឆ្លើយតប » ដែលប្រព្រឹត្តទៅតាមរយ:ប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការរាតត្បាតនៃជំងឺកូវីដ១៩ បាននាំមកនូវបញ្ហាប្រឈមមួយចំនួនដែលមិនធ្លាប់មានពីមុនមក ដូចជា បញ្ហាសុវត្ថិភាពសុខភាពសាធារណៈ ការបង្អាក់ការប្រមូលផ្តុំ និងដំណើរការនៃសង្វាក់ផ្គត់ផ្គង់សកលលោក ជាដើម ។
សម្តេចតេជោសូមឲ្យសមាជិកអាស៊ានទាំងអស់ រួមគ្នាដោយមិនចោទប្រកាន់គ្នា រើសអើង ឬបែងចែកសម្ព័ន្ធមិត្តគ្នា និងផ្អែកលើរបៀបវារៈនយោបាយណាមួយនោះឡើយ ដើម្បីរួមគ្នាក្នុងការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩មួយនេះ ។ សម្តេចតេជោបន្ថែមថា ប្រទេសកម្ពុជារងចាំភាពជោគជ័យដំបូងនៃការផលិតវ៉ាក់សាំង កូវីដ១៩ និងអំពាវនាវឲ្យប្រទេសទាំងអស់ចាត់ទុក វ៉ាក់សាំងនេះជាទំនិញរួមសកលលោក ។
សំឡេង«ក្នុងបរិការណ៍នេះ,ការឆ្លើយតបរួមនិងសាមគ្គីភាពជាសកល លើមូលដ្ឋានពហុភាគីនិយម, ជា ពិសេសក្រោមក្របខ័ណ្ឌអង្គការសហ-ប្រជាជាតិ, ពិតជាមានភាពចាំបាច់មិនអាចខ្វះបាន ។ ជាការពិតណាស់, កាលៈទេសៈនេះ មិនមែនជាពេលសម្រាប់យើងចោទប្រកាន់គ្នា, រើសអើង ឬ បែងចែកសម្ព័ន្ធមិត្តគ្នា ដោយផ្អែកលើរបៀបវារៈនយោបាយណាមួយនោះឡើយ។ ក្នុងន័យនេះ, កម្ពុជាសូមគាំទ្រយ៉ាង ពេញទំហឹងចំពោះអាណត្តិធម្មនុញ្ញរបស់អង្គការសុខ-ភាពពិភពលោក (WHO) ដែលកំពុងដើរតួនាទីស្នូលក្នុងការដឹកនាំប្រយុទ្ធប្រឆាំងជាសកល នឹងជំងឺរាតត្បាតនេះ ។ ទន្ទឹមនឹងការរង់ចាំភាពជោគជ័យដំបូងបំផុតនៃការផលិតវ៉ាក់សាំង, កម្ពុជាសូមអំពាវនាវឱ្យចាត់ទុកវ៉ាក់សាំងនេះ ជាទំនិញរួមសម្រាប់សកលលោក (Global common goods) ដែលប្រជាជនគ្រប់រូបក្នុងសកល-លោក អាចទទួលបាន » ៕