ប្រធានមន្ទីរកសិកម្មខេត្ដកំពង់ឆ្នាំង ប្ដេជ្ញាទប់ស្កាត់បទល្មើសជលផល ការកាប់ ឈូសឆាយព្រៃឈើលិចទឹកគ្រប់រូបភាពនៅមូលដ្ឋានរបស់ខ្លួន

វិទ្យុជាតិកម្ពុជា៖លោកជួន បូណា២៥ ០៦ ០២០
MC៖

ប្រធានមន្ទីរកសិកម្មខេត្ដកំពង់ឆ្នាំង ប្ដេជ្ញាទប់ស្កាត់បទល្មើសជលផល ការកាប់ ឈូសឆាយព្រៃឈើលិចទឹកគ្រប់រូបភាពនៅមូលដ្ឋានរបស់ខ្លួនដើម្បីធានាបាននូវប្រសិទ្ធភាព នៃការគ្រប់គ្រងធនធានធម្មជាតិ ពិសេសធនធានព្រៃឈើ និងជលផល។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ដកំពង់ឆ្នាំងបានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា មន្ទីរនឹងបង្កើនការចុះទប់ស្កាត់ និងបញ្ជូនមន្រ្ដីឱ្យចាំឃ្លាំមើលឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការបង្ក្រាបបទល្មើសព្រៃឈើ ជលផល និងការកាប់រាន ដុត ឈូសឆាយដីព្រៃឈើ ព្រៃលិចទឹកឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាការពារធនធានធម្មជាតិទំាងនេះឲ្យមាននិរន្តរភាព។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ការពង្រឹងវិធានការទប់ស្កាត់បទល្មើសជលផល ការកាប់ ឈូសឆាយព្រៃឈើលិចទឹកគ្រប់រូបភាពនេះ គឺធ្វើឡើងស្របតាមសេចក្តីណែនាំរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខណៈខណៈដែលសកម្មភាពបទល្មើសជលផល និងការកាប់រានដីព្រៃខុសច្បាប់ កំពុងកើតឡើងច្រើនដែលបានបង្ករផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មច្ឆជាតិ និងធនធានធម្មជាតិ។
លោកបន្ដថា នាពេលកន្លងមកមន្ទីរបានឃាត់ខ្លួនជនល្មើសកាប់ព្រៃឈើ ជលផល និងការកាប់រាន ដុត ឈូសឆាយដីព្រៃឈើ និងរឹបអូសវត្ដុតាងបានជាច្រើន បញ្ជូនទៅតុលាតាមនីតិវិធីច្បាប់ជាបន្ដបន្ទាប់។លោកប្រធានមន្ទីរក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋកុំកាប់រានដីព្រៃឈើ និងព្រៃលិចទឹក ការ ឈូសឆាយដីរដ្ឋខុសច្បាប់ និងសូមចូលរួមទប់ស្កាត់ និងរាយការណ៍មកមន្ទីរកសិកម្ម ឬអាជ្ញាធរ ប្រសិនបើមានបុគ្គលណាប្រព្រឹត្ដបទល្មើសទាំងអស់នេះ ដើម្បីចាត់វិធានការបានទាន់ពេលវេលា ។
សូមបញ្ជា់ថា ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាដល់ប្រធានមន្ទីរកសិកម្ម គ្រប់រាជធានី-ខេត្ត ឲ្យចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ជលផល និងការកាប់រាន ដុត ឈូសឆាយដីព្រៃឈើ ព្រៃលិចទឹកតាមគ្រប់រូបភាព។ ដើម្បីធានាបានប្រសិទ្ធភាព នៃការគ្រប់គ្រងធនធានធម្មជាតិ ពិសេសធនធានព្រៃឈើ និងជលផលនោះ ក្រសួង សម្រេចឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ជលផល និងការកាប់រាន ដុត ឈូសឆាយដីព្រៃឈើ ព្រៃលិចទឹកតាមគ្រប់រូបភាព ក្រោមយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្របតាមស្មារតីអនុក្រឹត្យលេខ១៥៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ និងសារាចរណែនាំលេខ០៥ សរណន ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់៕