ក្រសួងព័ត៌មានចាប់ផ្តើមបំពាក់ប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការទូទំាងក្រសួងទំាងថ្នាក់ជាតិនិងក្រោមជាតិ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៥ មិថុនា ២០២០
MC៖

ក្រសួងព័ត៌មានចាប់ផ្តើមបំពាក់ប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការទូទំាងក្រសួងទំាងថ្នាក់ជាតិនិងក្រោមជាតិដើម្បីពង្រឹងប្រសិទ្ធិភាពការងារ ក៏ដូចជាបង្ករភាពងាយស្រួលក្នុងការដឹងពីដំណើរការងារ ជីវប្រវត្តិរបស់មន្រ្តីរាជការក្រសួងព័ត៌មាន។ អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម………
នៅក្នុងកិច្ចពិភាក្សាក្រុមការងារបច្ចេកទេសរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍លើកឡើងថា ការរៀបចំប្រពន្ធ័ទិន្នន័យនេះ មានសារសំខាន់ ដើម្បីអាចក្តាប់បានចំនួនមន្រ្តីទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយបាន ដឹងពីសមត្ថភាពរបស់មន្រ្តីថែមទៀតផង ដើម្បីដាក់មន្ត្រី ទាំងនោះទៅធ្វើការបណ្តុះបណ្តាលបន្ថែម ឬការតម្លើងតូនាទី ឋានៈអោយបានត្រឹមត្រូវ ។ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា គម្រោងនេះក៏ជាការសាមគ្គីភាពផ្ទៃក្នុង និងជាការលើកទឹកចិត្តមន្រ្តីរាជការ ដែលសកម្មក្នុងការបំពេញកិច្ចការងារ ស្របពេលដែលក្រសួងព័ត៌មាន ត្រៀមធ្វើការផ្លាស់ប្តូរប្រពន្ធ័ផ្សាយទូរទស្សន៍ និងវិទ្យុ ពីអាណាឡូកទៅឌីជីថល ដែលទាមទារកម្រិតយល់ដឹង និងទាមទារភាពស្មុគស្មាញក្នុង ការងារ ត្រូវមានការយល់ដឹងបានកាន់តែស៊ីជម្រៅ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម សូនីវង្សវិសិដ្ឋ រដ្ឋលេខាធិការ ទទួលបន្ទុកការងារ បណ្តុះបណ្តាលធនធាន មនុស្ស នៃក្រសួងព័ត៌មាន បានគួសបញ្ចាក់ថា នៅពេលប្រពន្ធ័នេះរៀបចំរួចរាល់ នឹងជួយសម្រួលការងារដល់ នាយកដ្ឋានបុគ្គលិក ដូចជាការគ្រប់គ្រង ទិន្នន័យទូទៅរបស់មន្រ្តីរាជការ តាមប្រពន្ធ័បច្ចេកវិទ្យាទំនើបប្រកបដោយ ប្រសិទ្ធិភាពខ្ពស់។
សំឡេង៖ «ប្រព័ន្ធនេះគឺមានសារៈសំខាន់ណាស់ ពីព្រោះប្រព័ន្ធនេះគឺជាការគ្រប់គ្រងមន្ត្រីរាជការ តាមប្រព័ន្ធអេឡិចត្រូនិច ហើយជាការឆ្លើយតបទៅនឹងការកំណែទម្រង់ជាសាធារណៈរបស់រាជរដ្ឋាភិបាលយើងផងដែរ។ហើយទន្ទឹមនឹងនេះផ្ដល់ភាពងាយស្រួលទៅដល់នាយកដ្ឋានបុគ្គលិកក្នុងការគ្រប់គ្រងទៅលើទិន្នន័យ ក៏ដូចជាធ្វើបច្ចុប្បន្នភាព ហើយអាចធ្វើជារបាយការណ៍បានទាន់ពេលវេលា។ ហើយទន្ទឹមនឹងក៏ផ្ដល់លទ្ធភាពទៅដល់នាយកដ្ឋានបុគ្គលិកយើងក្នុងការភ្ជាប់នូវទំនាក់ទំនងទៅថ្ងៃក្រោយ គឺអាចមានលទ្ធភាពភ្ជាប់ប្រព័ន្ធនេះទៅស្ថាប័នផ្សេងៗនៅខាងក្រៅដែលតាមកម្រិតដែលយើងចង់បាន»។
នៅក្នុងឱកាសនោះដែរ ស៊ុន សុជាតិ តំណាងក្រុមហ៊ុន Cam Infor Service ដែលមាន ជំនាញក្នុងការរៀបចំប្រពន្ធ័គ្រប់គ្រងទិន្នន័យមន្ត្រីរាជការបានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកបានកំពុងអនុវត្តគម្រោងនេះនៅក្រសួងសុខាភិបាល ក្រសួងសាធារណៈការនិងដឹកជញ្ជូន ក៏ដូចជានៅតាមបណ្តាអង្គការ ស្ថាប័នឯកជនមួយចំនួន។ លោកបានបញ្ជាក់ថា ប្រពន្ធ័នេះ មានភាពងាយស្រួលក្នុងការគ្រប់គ្រងរបាយការណ៍ ស្ថិតិ ងាយស្រួល ក្នុងការធ្វើការ ក្នុងក្រសួង ដូចជាត្រួតពិនិត្យរាល់ព័ត៌មាន សំខាន់ៗ ការស្វែងរកឈ្មោះ តូនាទី មន្រ្តីរាជការ សកម្មភាពការងារ ក៏ដូចកិច្ចការគ្រប់គ្រងជាច្រើនទៀត ដែលដាក់បញ្ជូលនៅក្នុងប្រពន្ធ័គ្រប់គ្រងធនធានមនុស្សរបស់ក្រសួងព័ត៌មាន៕