ក្នុងរដូវវស្សាដំណាំដូងក្រអូបរបស់លោកគឹមឆាយ ក្នុងខេត្តព្រះសីហនុអាចរកចំណូល បានជិត១២ម៉ឺនដុល្លាក្នុងមួយខែ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 25,06,2020
Mc ៖

ចាប់ពីខែមិថុនាដល់ខែវិច្ឆិកាដំណាំដូងក្រអូបរបស់គឹមឆាយ ក្នុងខេត្តព្រះសីហនុអាចរកចំណូលបានជិត១២ម៉ឺនដុល្លាក្នុងមួយខែ ដោយសារជារដូវវស្សាមានទឹកស្រោចស្រពគ្រប់គ្រាន់ដែលនាំឲ្យមានដូងផ្លែល្អហើយច្រើន។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍…………………….
លោក បុត្រ គឹមឆាយ ម្ចាស់ចម្ការដូងក្រអូប ក្នុងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឲ្យដឹងថា ចន្លោះខែមិថុនាដល់ខែវិច្ឆិកានេះ ដោយសារមានទឹកគ្រប់គ្រាន់ ឫសដូង មានសារធាតុចិញ្ចឹម ដែលធ្វើឲ្យដើមដូងរីកលូតលាស់ល្អ ហើយទទួលបានផលច្រើន។
លោកបញ្ជាក់ថា ក្នុងអំឡុងខែវស្សានេះដំណាំដូងក្រអូបនៅក្នុងចំការរបស់លោកលើផ្ទៃដី៤៦ហិចតា អាចប្រមូលផលជាមធ្យមបានជាង៥០០០គ្រាប់ក្នុងមួយថ្ងៃ ដែលក្នុង១គ្រាប់តម្លៃជិត៣.០០០រៀល ហើយទទួលបានប្រាក់ចំណូលប្រមាណជិត១២ម៉ឺនដុល្លារក្នុងមួយខែ ។
លោកបានបន្តថា លោកគ្រោងនឹងពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត ដើម្បីជួយបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងតំបន់នេះ ក៏ដូចជារួមចំណែកកាត់បន្ថយការនាំចូលពីបរទេស ជាពិសេសសំណូមពរដល់ប្រជាពលរដ្ឋខ្មែរដែលមានបំណងចង់ដាំដុះដំណាំប្រភេទនេះ អាចជ្រើសរើសពូជក្នុងស្រុក ព្រោះផលិតផលរបស់ខ្មែរ មានគុណភាពមិនចាញ់ប្រទេសជិតខាងនោះទេ ។
សំឡេង ៖ និយាយជារួមដំណាំដូងក្រអូបវាផ្ដល់អត្ថប្រយោជន៍ត្រង់ថា វាអាចធ្វើអោយយើងមានចំណូលបន្ថែម ហើយបង្កើតការងារទៅឲ្យកម្មករធ្វើឲ្យគាត់មានការងារធ្វើផង ហើយយើងព្យាយាមកាត់បន្ថយការនាំចូលពីបរទេសផង ហើយយើងមានបណ្តុះពូជលក់ជូនទៅដល់បងប្អូនខ្មែរ កុំឲ្យគាត់ចេះតែនាំចូលពីខាងក្រៅមកលក់ ហើយពេលខ្លះគាត់ដាំក្នុងរយៈពេល៣ឆ្នាំដែរ ប៉ុន្តែមិនទទួលបានលទ្ធផលល្អ ដោយសារអី ដោយសារតែគាត់យកពូជពីក្រៅប្រទេសមក គាត់អត់ដឹងច្បាស់លាស់ប៉ះពូជក្លែងក្លាយវាមិនមែនជាពូជដូងក្រអូប ។
សូមបញ្ជាក់ថា ដូងក្រអូបជាប្រភេទដំណាំមិនសូវរើសប្រភេទដីប៉ុន្មានទេ ប៉ុន្តែចំពោះដីរឹងដូចជា ដីឥដ្ឋយើងត្រូវធ្វើការបំប៉នដីឲ្យមានលក្ខណៈរាងជ្រាយ ហើយជាទូទៅដីដែលល្អក្នុងការដាំបំផុត គឺដីល្បាប់ និងដីលាយខ្សាច់ ៕