មន្ទីរពេទ្យធំជាងគេក្នុងខេត្តត្បូងឃ្មុំដែលមានតម្លៃជាង៥០លានដុល្លារ សាងសង់បាន៨០ភាគរយហើយ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២៥.០៦.២០២០
Mc ៖

មន្ទីរពេទ្យធំជាងគេក្នុងខេត្តត្បូងឃ្មុំដែលមានតម្លៃជាង៥០លានដុល្លារ សាងសង់បាន៨០ភាគរយហើយ ដែលនឹងអាចបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ក្នុងពេលឆាប់ៗខាងមុននេះ ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍…………………….
ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ក្រុមការងារ ជំនាញកំពុងសម្រុកការសាងសង់មន្ទីរពេទ្យនេះឲ្យហើយទាន់ផែនការនៅចុងឆ្នាំ២០២១ខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ។
ក្នុងសន្និសីទសារព័ត៌មាន « វឌ្ឍនភាព និងទិសដៅបន្តរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ » នាព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម បានឲ្យដឹងថា មន្ទីរពេទ្យខ្នាតធំមិត្តភាពកម្ពុជា-ចិននឹងបើកអោយដំណើរការបំរើសេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗខាងមុខនេះ ខណៈដែលបច្ចុប្បន្នមន្ទីរពេទ្យកំពុងដំណើរការសាងសង់ និងបំពាក់នូវសំភារៈបរិក្ខាពេទ្យទំនើបៗ ។ឯកឧត្តមអភិបាលខេត្តបានអៈអាងថា មន្ទីរពេទ្យខ្នាតធំនេះ គឺបានរួមចំណែកដ៏សំខាន់ក្នុងផ្នែកសុខាភិបាលឲ្យកាន់តែមានភាពល្អប្រសើរឡើង និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ។
សំឡេង ៖ គឺយើងកំពុងតែសាងសង់មន្ទីរពេទ្យខ្នាតធំឬយើងអាចហៅបានថាខ្នាតយក្សនោះ ដែលជាថវិការបស់រាជរដ្ឋាភិបាលរបស់យើងជាមួយនឹងមិត្តចិនរបស់យើងនោះ គឺបាននិងកំពុងសាងសង់បានប្រមាណជាង៨០ភាគរយហើយ ដែលចំណាយថវិកាប្រមាណជា ៥០លានដុល្លារសហរដ្ឋអាមេរិក ចឹងយើងគិតថាមន្ទីរពេទ្យនេះ ថ្ងៃក្រោយតែអាចក្លាយជាមន្ទីរពេទ្យតំបន់ ដោយសារតែធំទូលំទូលាយ និងមានបំពាក់នូវសម្ភារៈបច្ចេកទេសល្អៗបន្ថែមទៀត ។
សូមបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ សាងសង់លើផ្ទៃដី ២៤,៣០០ម៉ែត្រការ៉េ ដែលនឹងមានទំហំផ្ទៃក្រឡាអគារសរុបចំនួន៥៥,៨១៥ម៉ែត្រការ៉េ ដែលគម្រោង បញ្ចប់ការសាងសង់នៅខែកញ្ញាឆ្នាំ២០២១ខាងមុខ ៕