ចាប់ពីពេលនេះទៅការប្រើប្រាស់បង្កាន់ដៃពន្ធយានយន្តដែលសរសេរដោយដៃត្រូវបានបញ្ឈប់ គឺត្រូវប្រើប្រព័ន្ធស្វ័យប្រវត្តិកម្ម

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ២៥.០៦.២០២០
MC៖

មន្ត្រីជំនាញអគ្គនាយកដ្ឋានគយនិងរដ្ឋាករបានបញ្ជាក់ថាចាប់ពីនេះទៅរាល់ការប្រកាសនាំចូលរថយន្ត គឺត្រូវប្រើប្រព័ន្ធស័្វយប្រវត្តិកម្មដើម្បីពង្រឹងការងារឲ្យកាន់តែល្អបន្ថែមទៀត និងកុំឲ្យមានការក្លែងបន្លំឯកសារ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម…….
ក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជា លោក តិច សៀកងន អនុប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ការដាក់ឲ្យដំណើរការតាមប្រព័ន្ធស័្វយប្រវត្តិកម្ម ហៅកាត់ថាប្រព័ន្ធ ASYCUDA ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកនាំចូល ដើម្បីឱ្យអាចគ្រប់គ្រងដោយភាពសុក្រឹតនិងដើម្បីកុំឲ្យមានការក្លែងបន្លំ។ លោក បញ្ជាក់ថា បច្ចុប្បន្នប្រសិនបើរាល់ការទិញលក់រថយន្តនៅប្រើប្រាស់ ឯកសារបង្កាន់ដៃពន្ធយានយន្តសរសេរដោយដៃទៀត សូមរាយការណ៍មកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
សំឡេង៖“បច្ចុប្បន្ននេះខាងអគ្គនាយកដ្ឋានគយឈប់ប្រើវិធីដោយដៃហើយ មានន័យថាក្រុមហ៊ុនដែលនាំចូលរថយន្តនិងម៉ូតូ ត្រូវតែប្រកាសគយតាមប្រព័ន្ធស័្វយប្រវត្តិកម្ម ហៅឈ្មោះកាត់អាស៊ីឃ្យូដា ASYCUDA យើងប្រើប្រព័ន្ធនេះដើម្បីប្រកាសក្នុងការនាំចូល ។ហើយចំណុចមួយទៀតបញ្ជាក់ថាវិក័យប័ត្របង់ពន្ធគេប្រើសម្រាប់ចុះបញ្ជីសុំស្លាកលេខនឹងបច្ចុប្បន្ននេះក៏យើងបញ្ឈប់សរសេរដោយដៃដែរមានន័យថា វិក័យប័ត្រនោះត្រូវចេញទំរង់មកជាប្រព័ន្ធស័្វយប្រវត្តិកម្មមានន័យថាវាចេញពីប្រព័ន្ធតែម្តងវាចេញពីប្រព័ន្ធកុំព្យូទ័រASYCUDAមានន័យថាបង្កាន់ដៃណាសរសេរដោយដៃយើងនេះគឺអត់មានទៀតទេ។ចឹងហើយបើបងប្អូនទិញយានយន្តទាំងអស់នោះត្រូវតែចំណាំទុកកន្លែងនេះបើសិនបងប្អូនណាមួយទិញយានយន្តឥលូវនេះហើយគេឲ្យបង្កាន់ដៃពន្ធនោះសរសេរដោយដៃមិនគួរទុកចិត្តទេត្រូវទាក់ទងមកស្ថាប័នគយជាបន្ទាន់ដើម្បីពិនិត្យផ្ទៀងផ្ទាត់ថាតើរឿងនេះវាយ៉ាងមិចស្ថាប័នគយបានជម្រាបថាបង្កាន់ដៃពន្ធនោះគ្មានការសរសេរដោយដៃទៀតទេ គឺចេញតាមប្រព័ន្ធអេឡិចត្រូនិកហើយ”។
សូមបញ្ជាក់ថា ការលែងឲ្យមានការសរសេរបង្កាន់ដៃពន្ធយានយន្តដោយដៃគឺដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។
គួរបញ្ជាក់ផងដែរថាថ្មីៗនេះអគ្គនាយកដ្ឋានពន្ធដារបានប្រកាសថាការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសំរាប់ឆ្នាំ២០២០ គឺចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិការឆ្នាំ២០២០ ដោយម្ចាស់រថយន្តទាំងអស់ត្រូវបំពេញកាតព្វកិច្ចក្នុងការបង់ពន្ធជូនរដ្ឋទៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬ ធនាគារ ដែលបានចុះអនុស្សារណៈជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕