មេដឹកនាំកូរ៉េខាងជើងបញ្ឈប់ផែនការសកម្មភាពយោធាដែលប្រឆាំងនឹងកូរ៉េខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០​ — ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េបានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្រេចចិត្តព្យួរ «ផែនការសកម្មភាពយោធា» ដែលប្រឆាំងនឹងកូរ៉េខាងត្បូង។

លោក គីម បានថ្លែងដូចនេះ ខណៈដែលលោកធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការយោធា មជ្ឈិមនៃគណបក្សពលករកូរ៉េ (WPK) ដែលកំពុងកាន់អំណាចរបស់ប្រទេសកូរ៉េខាងជើងតាមរយៈសន្និសីទវីដេអូ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលបានរាយការណ៍ថា « នៅក្នុងកិច្ចប្រជុំនោះ គណៈកម្មការយោធា មជ្ឈិមរបស់ WPK បានកាន់កាប់ស្ថានការណ៍ដែលកំពុងកើតមាន ហើយបានផ្អាកផែនការសកម្មភាពយោធាប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូងដែលបានដាក់ចេញកាលពីកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការយោធាកណ្តាលទី៧ ដោយអគ្គសេនាធិការកងទ័ពប្រជាជនកូរ៉េ។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានឱ្យដឹងថា កិច្ចប្រជុំនោះបានពិភាក្សាអំពីធាតុផ្សំនៃរបៀបវារៈនៃគោលនយោបាយយោធាសំខាន់ៗ ដែលត្រូវដាក់នៅមុនកិច្ចប្រជុំលើកទី៧ នៃគណៈកម្មការយោធាមជ្ឈិម WPK ។ អ្នកចូលរួមក៏បានសិក្សាអំពីរបាយការណ៍ និងសេចក្តីសម្រេចដែលនឹងត្រូវ «បញ្ជូនទៅកិច្ចប្រជុំលើកទី៥ និងឯកសារមួយចំនួនដែលមានវិធានការណ៍របស់រដ្ឋសម្រាប់ជំរុញបន្ថែមទៀតនូវការទប់ស្កាត់សង្គ្រាមរបស់ប្រទេសមួយនេះ»។

កាលពីថ្ងៃទី២២ ខែមិថុនា ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា ទីក្រុងព្យុងយ៉ាងបានបោះពុម្ពខិតប័ណ្ណឃោសនាចំនួន ១២លានសន្លឹក ដែលនឹងត្រូវផ្សព្វផ្សាយនៅប្រទេសកូរ៉េខាងត្បូងដោយប៉េងប៉ោងចំនួនជាង ៣.០០០ ។ នៅថ្ងៃទី១៦ ខែមិថុនា ប្រទេសកូរ៉េខាងជើងបានបំផ្លាញការិយាល័យទំនាក់ទំនងរួមគ្នារបស់ខ្លួនជាមួយទីក្រុងសេអ៊ូលនៅ Kaesong ដែលជាការឆ្លើយតបទៅនឹងខិត្តប័ណ្ណឃោសនាដែលបានបញ្ជូនដោយសកម្មជនកូរ៉េខាងត្បូង។

ភាពតានតឹងរវាងប្រទេសកូរ៉េទាំងពីរកាន់តែខ្លាំងឡើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានប្រកាសផែនការដាក់ពង្រាយអង្គភាពកងទ័ពនៅតំបន់ Kumgangsan និង Kaesong ដោយចាប់ផ្តើមធ្វើសមយុទ្ធយោធាគ្រប់ប្រភេទនៅជិតព្រំដែនជាមួយកូរ៉េខាងត្បូង នឹងដាក់ទីតាំងសន្តិសុខឡើងវិញនៅក្នុងតំបន់គ្រោះថ្នាក់បំផុតនៃតំបន់គ្មានយោធាដែលត្រូវបានដកហូតកាលពីពេលមុន ដោយអនុលោមតាមកិច្ចព្រមព្រៀងជាមួយទីក្រុងសេអ៊ូល៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)