ប្រទេសឡាវគាំទ្រផែនការអភិវឌ្ឍធនធានមនុស្សរបស់អាស៊ាន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០​ — យោងតាមការដកស្រង់សុន្ទរកថារបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ លោក Kikeo Khaykhamphithoune ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) កាលពីថ្ងៃទី២៣ ខែមិថុនា បាន​ឱ្យដឹងថា ប្រទេសឡាវគាំទ្រដល់ផែនការអភិវឌ្ឍធនធានមនុស្សរបស់អាស៊ាន ។

លោក Kikeo ត្រូវបានដកស្រង់សម្តីដែលបាននិយាយនៅក្នុងកិច្ចប្រជុំដែលធ្វើឡើងក្នុងទម្រង់ជាសន្និសីទវីដេអូថា «ប្រទេសឡាវគាំទ្រដល់សេចក្តីប្រកាសអាស៊ាន ស្តីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់ការផ្លាស់ប្តូរពិភពលោកនៃការងារ។ ខ្ញុំជឿជាក់ថា សេចក្តីប្រកាសនេះនឹងផ្តល់ឱកាសកាន់តែច្រើនសម្រាប់ប្រជាជាតិអាស៊ានក្នុងការចែករំលែកផលប្រយោជន៍របស់ពួកគេ និងនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនអាស៊ាន»។

លោកបានបង្ហាញនូវជំនឿថា ផែនការនេះនឹងបង្កើតនូវលទ្ធផលប្រកបដោយប្រសិទ្ធភាព និងជោគជ័យ ជាពិសេសនៅក្នុងវិស័យការងារ និងការអប់រំ ហើយបានអំពាវនាវដល់បណ្តាប្រទេសសមាជិកអាស៊ានធ្វើការរួមគ្នាក្នុងការស្តារឡើងវិញក្រោយការឆ្លងរាលដាលនៃជំងឺរាតត្បាត។

នៅក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម ក្នុង     តួនាទីជាប្រធាន ASCC ឆ្នាំ ២០២០ អ្នកចូលរួមបានចែករំលែកយោបល់គ្នាអំពីអាទិភាព និងកិច្ចសហប្រតិបត្តិការក្នុងកំឡុងពេលនៃការងើបឡើងវិញពីជំងឺកូវីដ-១៩ ដើម្បីកំណត់ទិសដៅសម្រាប់សកម្មភាព សហគមន៍អាស៊ាននៅឆ្នាំនេះ និង ៥ឆ្នាំខាងមុខ ឆ្ពោះទៅសហគមន៍អាស៊ានដែលមានភាពស្អិតរមួត និងមានអត្ថប្រយោជន៍សម្រាប់ទាំងអស់គ្នា៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)