ប្រទេសវៀតណាមដឹកនាំអាស៊ានដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០​ — អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអាស៊ានឆ្នាំ ២០២០ លោក Nguyen Quoc Dung បានសង្កត់ធ្ងន់ទៅលើតួនាទីឈានមុខគេរបស់ប្រទេសវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅអាស៊ីអាគ្នេយ៍ និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការលើកកម្ពស់ភាពសកម្មរបស់ប្លុកនេះក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២៣ ខែមិថុនា លោក Dung បាននិយាយថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ថា ប្រទេសវៀតណាមបានកែសម្រួលការផ្តោតការយកចិត្តទុកដាក់នៃកិច្ចសហប្រតិបត្តិការនៅក្នុងក្រុមដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ជំងឺកូវីដ-១៩ ដែលកំពុងបន្តការឆ្លងរាលដាល។

ចាប់ពីដើមខែកុម្ភៈមក មុនពេលដែលអង្គការសុខភាពពិភពលោក (WHO) ប្រកាសអំពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងពិភពលោក ប្រទេសវៀតណាមបានធ្វើការងារជាមួយបណ្តាប្រទេសនៅ អាស៊ានផ្សេងៗទៀតដើម្បីចេញសេចក្តីថ្លែងការណ៍ប្រធានអាស៊ាន ស្តីពីការឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលត្រូវបានអនុម័តដោយបណ្តាមេដឹកនាំនៅអាស៊ានកាលពីថ្ងៃទី ១៤ ខែកុម្ភៈ។

អាស៊ានបានបង្កើតយន្តការសម្របសម្រួលសម្រាប់ការពារជំងឺ​ ហើយបានចាត់តាំងរដ្ឋមន្រ្តីការបរទេសនៃប្រទេសជាសមាជិកឱ្យអនុវត្តយន្តការនេះ។

លោក Dung បាននិយាយថា ក្រុមការងារថ្នាក់អនុរដ្ឋមន្ត្រី ស្តីពីការឆ្លើយតបនឹងស្ថានភាពវេជ្ជសាស្ត្របន្ទាន់ ត្រូវបានបង្កើតឡើង ដោយលោកបាននិយាយបន្ថែមថា វិធានការជាក់លាក់ដែលស្នើឡើងដោយក្រុមនេះត្រូវបានអនុម័តដោយមេដឹកនាំអាស៊ានកាលពីថ្ងៃទី១៤ ខែមេសា ដែលបានបង្កើតនូវការឯកភាពមួយក្នុងចំណោមប្រទេសនៅក្នុងប្លុកនេះដើម្បីទប់ទល់ប្រកបដោយប្រសិទ្ធភាពជាមួយវិបត្តិជំងឺកូវីដ-១៩។

អនុរដ្ឋមន្ត្រីការបរទេសរូបនេះក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃភាពស្អិតរមួត និងការបន្សាំយ៉ាងសកម្មរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមនានា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយលោកបាននិយាយថា កត្តាដែលនៅពីក្រោយភាពស្អិតរមួតរបស់អាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ គឺជាតម្រូវការនៃកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងការការពារពលរដ្ឋ ការចែករំលែកបទពិសោធន៍ក្នុងការបង្ការជំងឺ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងការផ្គត់ផ្គង់ឱសថ និងឧបករណ៍វេជ្ជសាស្រ្ត៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)