រាជរដ្ឋាភិបាលបន្ថយពន្ធកាត់ទុកដល់គ្រឹះស្ថានហិរញ្ញវត្ថុដែលខ្ចីប្រាក់ក្នុងស្រុក និងពីបរទេស

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៥ ០៦ ២០២០
MC:

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្ធូបន្ថយពន្ធកាត់ទុកដល់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដែលបានខ្ចីប្រាក់ ក្នុងស្រុក និងពីបរទេស សំដៅជួយដល់ការបង់ប្រាក់របស់ប្រជាពលរដ្ឋ និងសហគ្រាស ដែលបានកំពុងខ្ចីក្នុងរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ពន្ធកាត់ទុកដែលត្រូវបានបន្ធូរបន្ថយ ត្រូវចាត់ទុកជាបន្ទុករបស់រដ្ឋ ដើម្បីជាការឧបត្ថម្ភគាំទ្រដល់វិស័យធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ។
សេចក្តីជូនដំណឹងរបស់ឯកឧត្តម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ហើយត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ បានឱ្យដឹងថា ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលបានខ្ចីប្រាក់ក្នុងស្រុក ឬពីបរទេសសម្រាប់កម្ចីថ្មី ត្រូវអនុវត្តការកាត់ទុកប្រាក់ពន្ធចំនួន៥ភាគរយ ពីការប្រាក់ដែលបានទូទាត់ទៅឱ្យអ្នកជាប់ពន្ធនិវាសនជន និងអ្នកជាប់ពន្ធអនិវាសនជន សម្រាប់រយៈពេលជាប់ពន្ធពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០២០។ ជាមួយគ្នានេះ ត្រូវអនុវត្តការកាត់ទុកប្រាក់ពន្ធចំនួន១០ភាគរយ ពីការប្រាក់ដែលបានទូទាត់ទៅឱ្យអ្នកជាប់ពន្ធនិវាសនជន និងអ្នកជាប់ពន្ធអនិវាសនជនសម្រាប់ឆ្នាំ២០២១។ សម្រាប់ឆ្នាំ២០២២តទៅ គឺអនុវត្តការកាត់ទុកប្រាក់ពន្ធតាមអាត្រាធម្មតា។
ដោយឡែក សម្រាប់កម្ចីចាស់ ត្រូវអនុវត្តការកាត់ទុកប្រាក់ពន្ធចំនួន១០ភាគរយ ពីការប្រាក់ដែលបានទូទាត់ទៅឱ្យអ្នកជាប់ពន្ធនិវាសន និងអ្នកជាប់ពន្ធអនិវាសនជន សម្រាប់រយៈពេលជាប់ពន្ធពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០២០ ហើយនឹងចាប់ផ្តើមអនុវត្តធម្មតាវិញនៅឆ្នាំ២០២១៕