ប្រទេសវៀតណាមសំដែងការព្រួយបារម្ភ ចំពោះផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធទៅលើកុមារ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០​ — ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Dinh Quy ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសំដែងការព្រួយបារម្ភចំពោះស្ថានភាពរបស់កុមារនៅក្នុងជម្លោះប្រដាប់អាវុធ នឹងបានសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់សហគមន៍អន្តរជាតិក្នុងការចាត់វិធានការ និងសកម្មភាពជាក់លាក់ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជម្លោះនានាទៅលើកុមារ។

ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបើកកិច្ចពិភាក្សាដេញដោលអំពីបញ្ហាកុមារ និងជម្លោះប្រដាប់អាវុធ កាលពីថ្ងៃទី២៣ ខែមិថុនា លោក Quy ក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសសម្រាប់កុមារក្នុងដំណើរការធ្វើសមាហរណកម្មសហគមន៍។

ដោយមានការវិវឌ្ឍដ៏ស្មុគស្មាញនៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ អ្នកការទូតវៀតណាមរូបនេះបានអំពាវនាវដល់អង្គការសហប្រជាជាតិ និងប្រជាជាតិនានា ឱ្យឃ្លាំមើលស្ថានភាពជំងឺនេះឱ្យបានដិតដល់ និងសម្របសម្រួលឱ្យបានជិតស្និទ្ធដើម្បីកាត់បន្ថយផលប៉ះពាល់របស់វាទៅលើកុមារ។

យោងតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ការអនុវត្តរបៀបវារៈកុមារ និងជម្លោះប្រដាប់អាវុធ បានបង្កើតលទ្ធផលជាវិជ្ជមាននៅក្នុងឆ្នាំ ២០១៩ ដែលមានកុមារជាង ១៣.០០០នាក់ត្រូវបានជួយសង្គ្រោះពីកងកម្លាំងប្រដាប់អាវុធ ហើយផែនការសកម្មភាពចំនួន ៣០ ត្រូវបានអនុវម័តដើម្បីទប់ស្កាត់ការរំលោភបំពានទៅលើកុមារ។

ទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានករណីរំលោភបំពានចំនួន ២៥.០០០ករណីពាក់ព័ន្ធនឹងកុមារ ដែលក្នុងនោះមានករណីជាង ១០.០០០ករណីបានធ្វើឱ្យកុមារស្លាប់ ឬរងរបួស។ ជម្លោះ អំពើហិង្សាអស្ថិរភាព និងផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ-១៩ កំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីការពារកុមារ។

បណ្តាប្រទេសដែលចូលរួមទាំងអស់បានឯកភាពបញ្ចូលកិច្ចប្រឹងប្រែងការពារកុមារទៅក្នុងសកម្មភាពនានា ដើម្បីបញ្ឈប់ និងដោះស្រាយជម្លោះ ព្រមទាំងស្ថាបនាឡើងវិញបន្ទាប់ពីមានជម្លោះដើម្បីកសាង និងថែរក្សាសន្តិភាពប្រកបដោយចីរភាព៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)