អត្តពលិកហែលទឹកចំនួន១១នាក់ជាប់ជម្រើសជាតិឈុតធំ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

កីឡាករ-កីឡាការិនីហែលទឹកចំនួន ១១នាក់ បានជាប់ក្រុមជម្រើសជាតិឈុតធំ បន្ទាប់ពីទទួលការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡានោះ។

លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធកីឡាខ្មែរហែលទឹក បានឲ្យដឹងថា កី ឡាករ-កីឡាការិនីហែលទឹកទាំង១១ នាក់នេះ សុទ្ធសឹងជាអត្តពលិកដែលមានចំណាត់ថ្នាក់ខ្ពស់ក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ។ 

លោកបានបន្តថា ការជ្រើសរើសកីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិនេះ ជ្រើសរើសដោយមានការប្រជុំគណៈ កម្មការយ៉ាងត្រឹមត្រូវ និងមានការអនុញ្ញាតប្រធានសហព័ន្ធ យើងចាប់ផ្តើមពីចំណាត់ថ្នាក់លេខ ១ ដល់ លេខ៣ តាមណែនាំរបស់ក្រសួងអប់រំ ក្នុងនោះយើងទទួលបានចំនួន ១១ នាក់ រួមមានកីឡាករ ៧នាក់ និងកីឡាការិនី ៤នាក់ ក្នុងនោះយើងទទួលបានកីឡាករម្នាក់មកពីខេត្តកំពង់ចាម។

លោកបានបន្ថែមថា យើងបានចូលរួមហ្វឹកហាត់ឡើងវិញ តាមរយៈពេលមជ្ឈ មណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រសួងអប់រំ យុវជន និងកីឡា ឲ្យយើងធ្វើការហ្វឹកហាត់ចាប់ពីក្រុមធំរហូតដល់ក្រុមតូច ប៉ុន្តែការហាត់ជាក្រុមតូចនេះ យើងមានគ្រូបង្វឹកបង្ហាត់ផ្ទាល់ ដោយធ្វើការបំបែកកីឡាករ-កីឡាការិនីអនុវត្តតាមគោលការណ៍ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់មេរោគកូរ៉ូណា ។

លោកអគ្គលេខាបានអះអាងថា ការហ្វឹកហាត់ធ្វើឡើងដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម ព្រោះបច្ចុប្បន្នកីឡាហែលទឹកកម្ពុជាយើង ក៏ឈរចំណាត់ថ្នាក់ល្អក្នុងចំណោម១១ប្រទេសអាស៊ានដែរ យើងកំពុងតែហក់ដេញតាមប្រទេសថៃ វៀតណាម និងមួយប្រទេសទៀត៕