សហគមន៍បន្លែសុវត្ថិភាពស្រែពង្រ នឹងមានសមត្ថភាពផ្គត់ផ្គង់បន្លែបាន៥តោនក្នុងមួយថ្ងៃ

វិទ្យុជាតិកម្ពុជា ៖ដោយ លោកស្រី ទុយ សូលីដា ២៤.០៦.២០២០
MC៖

សហគមន៍បន្លែសុវត្ថិភាពស្រែពង្រ នឹងមានសមត្ថភាពផ្គត់ផ្គង់បន្លែបាន៥តោនក្នុងមួយថ្ងៃ នៅពេលដ៏ខ្លីខាងមុខ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុកនិងក្រៅស្រុក ។
អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម………………………
លោក ណាក់ ណាច់ ប្រធានសហគមន៍បន្លែសុវត្ថិភាពស្រែពង្រ នៅខេត្តត្បូងឃ្មុំ បានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា សហគមន៍បន្លែសុវត្ថិភាពស្រែពង្របានបង្កើនចំនួនគ្រួសារ និងផ្ទៃដីដាំដុះបន្លែ ជាច្រើនមុខ ដើម្បីបង្កើនបរិមាណផលអោយបានជាង ៥តោន ក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
លោកបានបញ្ជាក់ថា ពីមុនសហគមន៍ មានសមត្ថភាពក្នុងការផលិតបន្លែបាន បានត្រឹមតែពី១តោតទៅ ជិត២តោន ប៉ុណ្ណោះ ប៉ុន្តែនៅប្រមាណថ្ងៃខាងមុខនេះ សហគមន៍និងអាចផ្គត់ផ្គង់បន្លែបាន៥តោនក្នុងមួយថ្ងៃ ។ សំឡេង៖ ហេតុអ្វីបានជាខ្ញុំហ៊ានអះអាងថា ១០ថ្ងៃទៀតយើងអាចនាំចេញបន្លែបាន៥តោន ពីព្រោះកសិករយើងក្នុងម្នាក់ បានដាក់ពូជគ្រប់ប្រភេទជាង ៥០០គីឡូទៅហើយ អាចផ្គត់ផ្គង់បានប្រចាំថ្ងៃ ហើយយើងមានសមាជិក១៤គ្រួសារ និងបានពង្រីកដីដាំបន្ថែម អញ្ចឹងការដាំនិងវារង្វិលជុំ ហើយយើងអាចសិក្សាបានថាជាមធ្យមបាន៥តោនក្នុងមួយថ្ងៃ ឬក៍អាចលើសហ្នឹង ។
លោកបានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ ឈ្មួញកណ្ដាល និងបណ្ដាលក្រុមហ៊ុនមួយចំនួនបានមកទំនាក់ទំនងទិញបន្លែសុវត្ថិភាពពីសហគមន៍ ដើម្បីចែកចាយបន្តទៅទីក្រុងភ្នំពេញ តាំងពីមានការកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាងមកម្លេះ ។
លោកបន្ថែមថា បច្ចុប្បន្នសមាគមន៍បានជំរុញសមាជិករបស់ខ្លួនបង្កើនការដាំដុះបន្ថែម ដើម្បីបំពេញតំរូវការអតិថិជនផង និងបង្កើនសេដ្ឋកិច្ចក្នុងក្រុមគ្រួសារផង ។
លោកបានសំណូមពរដល់ប្រជាពលរដ្ឋ និងបណ្ដាលក្រុមហ៊ុន សូមបន្តជួយគាំទ្រនូវបន្លែសុវត្ថិភាពរបស់សហគមន៍ ដើម្បីលើកទឹកចិត្តដល់ប្រជាកសិករ ក្នុងការដាំដុះបន្ថែម។
សូមបញ្ជាក់ថា សហគមន៍បន្លែសុវត្ថិភាពស្រែពង្រមានសមាជិក ជាង១៥០គ្រួសារស្ថិតនៅភូមិស្រែពង្រ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយក្នុងមួយគ្រួសារ មានផ្ទៃដីដាំបន្លែពី១ហិតា ទៅ ២ហិតា មានដាំនូវប្រភេទបន្លែដូចជា ត្រសក់ ម្រេះ ត្រប់ ត្រឡាច និងដាំដំណាំហូបស្លឹកជាច្រើនទៀត ៕