លោក អាសាដ របស់ប្រទេសស៊ីរីនឹងនៅតែបន្តកាន់អំណាច ដរាបណាប្រជាជនចង់ឱ្យគាត់ធ្វើ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០​ — កាលពីថ្ងៃអង្គារ លោក Walid Muallem ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសស៊ីរីបាននិយាយថា សហរដ្ឋអាមេរិកកំពុងស្វែងរកឥទ្ធិពលទៅលើស្ថានការណ៍នយោបាយផ្ទៃក្នុងនៅក្នុងប្រទេសស៊ីរី ដោយការដាក់ទណ្ឌកម្មរបស់ខ្លួនមុនការបោះឆ្នោតនាពេលខាងមុខ។

អ្នកការទូតកំពូលរូបនេះបាននិយាយនៅក្នុងស្ថានីយទូរទស្សន៍ Al Mayadeen ថា «ប្រជាជនស៊ីរីមិនទទួលយកការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ពួកគេទេ ដូច្នេះយើងនិយាយទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា ប្រធានាធិបតីស៊ីរី លោក បាសា អាសាដ នឹងនៅតែបន្តកាន់អំណាចដរាបណាប្រជាជនស៊ីរីនៅតែចង់បានគាត់»។

យោងតាមលោក Muallem បានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនស្វែងរកការដាក់ឱ្យមានច្បាប់រដ្ឋធម្មនុញ្ញរបស់ស៊ីរីដែលត្រូវនឹងទស្សនៈរបស់អាម៉េរិក និងអ៊ីស្រាអែល។

លោកបាននិយាយថា «ប៉ុន្តែប្រជាជនរបស់យើងនឹងទទួលយកតែរដ្ឋធម្មនុញ្ញដែលត្រូវនឹងសេចក្តីប្រាថ្នាជាតិរបស់ពួកគេតែប៉ុណ្ណោះ។ ទាំងអ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិកនៅប្រទេសស៊ីរី លោក James Jeffrey ឬក៏នរណាផ្សេងទៀតក៏ដោយ ក៏នឹងមិនអាចកំណត់អនាគតរបស់ប្រទេសស៊ីរីបានដែរ ជម្រើសនេះជារបស់ជនជាតិស៊ីរីខ្លួនឯង»។

នៅថ្ងៃទី១៩ ខែកក្កដា ខាងមុខនេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រជាជន (សភា) នៃប្រទេសស៊ីរីនឹងប្រព្រឹត្តទៅ។ ការបោះឆ្នោតត្រូវបានពន្យារពេលពីរដងរួចមកហើយ ដោយសារតែជំងឺឆ្លងកូវីដ-១៩។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រត្រូវធ្វើតាមរដ្ឋធម្មនុញ្ញដែលត្រូវបានអនុម័តក្នុងការធ្វើប្រជាមតិកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១២ ។

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ត្រូវបានគ្រោងទុកធ្វើឡើងក្នុងឆ្នាំ ២០២១។ ដោយយោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា កាលពីឆ្នាំ២០១៤ លោក អាសាដ បានឈ្នះការបោះឆ្នោតដោយទទួលបាននូវការគាំទ្រចំនួន ៨៨,៧ភាគរយនៃអ្នកបោះឆ្នោតទាំងអស់៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)