ប្រទេសសិង្ហបុរី នឹងកូរ៉េខាងត្បូងធ្វើកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូឌីជីថលថ្មី

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០​ — យោងតាមសេចក្តីថ្លែងការណ៍រួមមួយបានឱ្យដឹងថា ប្រទេសសិង្ហបុរី នឹងកូរ៉េខាងត្បូង បានចាប់ផ្តើមកិច្ចចរចាអំពីកិច្ចព្រមព្រៀងភាពជាដៃគូឌីជីថលរវាងកូរ៉េ – សិង្ហបុរី (KSDPA) ថ្មី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យឌីជីថលដែលកំពុងរីកចម្រើននាពេលថ្មីៗនេះ។

ការចាប់ផ្តើមកិច្ចចរចានេះត្រូវបានប្រកាសឡើងកាលពីថ្ងៃទី ២២ ខែមិថុនា នៅក្នុងកិច្ចប្រជុំតាមវីដេអូមួយរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក Chan Chan Sing និងរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង លោក Yoo Myung Hee។

លោក Chan បាននិាយថា «នៅពេលដែលប្រទេសនានាឆ្លងកាត់ការប្រឈមដោយសារជំងឺកូវីដ-១៩  ការងារសំខាន់ៗដើម្បីធានាថា សេដ្ឋកិច្ចរបស់យើងអាចរីកចម្រើននៅក្នុងយុគសម័យឌីជីថលត្រូវតែបន្តទៅមុខទៀត»។

លោកបានកត់សម្គាល់ថា កិច្ចព្រមព្រៀងនេះនឹងផ្តល់លទ្ធភាពកាន់តែច្រើនក្នុងការភ្ជាប់ទំនាក់ទំនង និងឱកាសរវាងប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ ជំរុញការធ្វើពាណិជ្ជកម្ម និងលំហូរទិន្នន័យដែលអាចជឿទុកចិត្តបាន។

លោកបាននិយាយបន្ថែមថា វាក៏នឹងពង្រឹងកិច្ចសហការរវាងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ នឹងធ្វើឱ្យបានល្អដើម្បីធ្វើឱ្យបានលឿន និងចាប់យកឱកាសដែលផ្តល់ឱ្យដោយសេដ្ឋកិច្ចឌីជីថល។

កិច្ចព្រមព្រៀងនេះព្យាយាមធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យឌីជីថលដែលកំពុងរីកចម្រើននាពេលថ្មីៗនេះ ដូចជានៅក្នុងការការពារទិន្នន័យផ្ទាល់ខ្លួន និងលំហូរទិន្នន័យឆ្លងកាត់ព្រំដែន អត្តសញ្ញាណឌីជីថល ក៏ដូចជាក្របខ័ណ្ឌអភិបាលកិច្ចនិម្មិតជាដើម។ វាក៏មានគោលបំណងដើម្បីគាំទ្រ និងជំរុញឱ្យមានកិច្ចសហការកាន់តែច្រើនរវាងសហគមន៍សហគ្រាសធុនតូច និងមធ្យមរបស់ប្រទេសទាំងពីរ នៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល។

ការចាប់ផ្តើមនៃ KSDPA នេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលជាបន្តបន្ទាប់ដែលប្រទេសសិង្ហបុរីបានចាប់ផ្តើម។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចឌីជីថលជាមួយប្រទេសឈីលី និងនូវែលហ្សេឡង់ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២០ ហើយកិច្ចចរចាសម្រាប់កិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយប្រទេសសិង្ហបុរី និងអូស្ត្រាលី បានបញ្ចប់ហើយកាលពីថ្ងៃទី២៣ ខែមីនា ម្សិលមិញនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)