អាស៊ានឆ្នាំ ២០២០៖ ការប្រជុំតាមប្រព័ន្ធអ៊ិនធើណេត បានជួយសន្សំការចំណាយក្នុងការធ្វើដំណើររបស់អង្គភាព

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០​ — កាលពីថ្ងៃទី២៣ ខែមិថុនា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអាស៊ានឆ្នាំ ២០២០ លោក Nguyen Quoc Dung បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហាណូយអំពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក៏ដូចជាប្រធានបទដែលត្រូវបានដាក់សម្រាប់ការពិភាក្សានៅក្នុងកិច្ចប្រជុំនោះ ។

ដោយកត់សម្គាល់ថា អាស៊ានចង់បង្កើនការប្រជុំតាមប្រព័ន្ធអ៊ីនធើណេតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដើម្បីកាត់បន្ថយការចំណាយទៅលើការធ្វើដំណើរ និងការរៀបចំកិច្ចប្រជុំ ប៉ុន្តែនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ លោក Dung បាននិយាយថា ជំងឺរាតត្បាតកូវីដ-១៩ បានបង្ខំឱ្យបណ្តាប្រទេសជាសមាជិករបស់ប្លុកធ្វើកិច្ចការនេះនៅក្នុងឆ្នាំនេះប្រកបដោយប្រសិទ្ធភាព។

យោងតាមលោកបានឱ្យដឹងថា ភាពខុសគ្នានៃតំបន់ពេលវេលា គឺជាបញ្ហាប្រឈមធំបំផុតក្នុងការធ្វើសន្និសីទវីដេអូជាមួយដៃគូអាស៊ាន ដូចជាកិច្ចប្រជុំនាពេលខាងមុខរួមមានកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF) ដោយមានការចូលរួមពីប្រទេសចំនួន ២៧ រួមទាំងអាម៉េរិកខាងជើង និងអូស្ត្រាលីផងដែរ។

ចំពោះបញ្ហាដែលត្រូវលើកយកមកពិភាក្សានៅឯកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាម លោក Dung បាននិយាយថា បណ្តាមេដឹកនាំអាស៊ាននឹងស្វែងរកវិធីដើម្បីបង្កើនពាណិជ្ជកម្មក្នុងតំបន់ ដោយលោកបាននិយាយបន្ថែមថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បានរំលឹកដល់បណ្តាប្រទេសជាសមាជិកឱ្យបង្កើនប្រសិទ្ធភាពទីផ្សារក្នុងស្រុក និងទីផ្សារអាស៊ាន។

ទាក់ទងនឹងចលនាកម្លាំងការងារ អនុរដ្ឋមន្រ្តីរូបនេះបាននិយាយថា អាស៊ានមានសុទិដ្ឋិនិយមថា ក្របខ័ណ្ឌច្បាប់ និងកិច្ចព្រមព្រៀងនានានៅក្នុងប្លុកនេះនឹងធានានូវលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ចលនាកម្លាំងការងារនៅក្នុងប្លុក។

ថ្លែងអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) លោក Dung បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះ គឺជាអាទិភាពរបស់អាស៊ាន និងដៃគូចរចារបស់ខ្លួន។ លោកបាននិយាយថា លើកលែងតែប្រទេសឥណ្ឌាដែលបានដកខ្លួនចេញពីការចរចាជាបណ្តោះអាសន្ន អ្នកចូលរួមដែលនៅសល់ត្រូវបានដោះស្រាយដើម្បីចុះហត្ថលេខានៅលើកិច្ចព្រមព្រៀងនេះនៅក្នុងឆ្នាំនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)