សមាជិកនៃកិច្ចព្រមព្រៀង RCEP ប្តេជ្ញាថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅក្នុងខែវិច្ឆិកា

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០​ — បណ្តារដ្ឋមន្រ្តីមកពីប្រទេសនានាដែលចូលរួមក្នុងកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានប្រមូលផ្តុំគ្នានៅឯកិច្ចប្រជុំអន្តរក្រសួងលើកទី ១០ ដែលធ្វើឡើងក្នុងទម្រង់ជាសន្និសីទវីដេអូកាលពីថ្ងៃទី២៣ ខែមិថុនា ក្រោមអធិបតីភាពលោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។

នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តី Anh បាននិយាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់អ្នកចរចាទាំងអស់ចាប់តាំងពីដើមឆ្នាំនេះ ដោយលោកបានកត់សម្គាល់ថា ការប្រជុំ និងការពិភាក្សាស៊ីជម្រៅត្រូវបានធ្វើឡើងតាមប្រព័ន្ធអ៊ិនធើណេត និងតាមកាលបរិច្ឆេទជាមួយនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកបានអះអាងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ប្រទេសវៀតណាមបានធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាសមាជិកដើម្បីរក្សាការដឹកនាំរបស់ប្លុក និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយដៃគូទាំង ៦ ដើម្បីពន្លឿនការបញ្ចប់កិច្ចចរចាកិច្ចព្រមព្រៀង RCEP និងការពិនិត្យឡើងវិញនូវពាក្យពេចន៍របស់កិច្ចព្រមព្រៀងដើម្បីឱ្យវាអាចត្រូវបានចុះហត្ថលេខានៅទីក្រុងហាណូយក្នុងខែវិច្ឆិកាខាងមុខនេះ។

លោកបាននិយាយបន្ថែមថា ក្នុងគោលបំណងដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងដែលមានគុណភាពខ្ពស់ដែលធ្វើឱ្យមានតុល្យភាពនូវផលប្រយោជន៍ទាំងអស់នេះ ប្រទេសវៀតណាមបានចូលរួមយ៉ាងសកម្មនៅក្នុងការពិភាក្សា និងស្នើនូវដំណោះស្រាយប្រកបដោយភាពបត់បែននៅក្នុងវិស័យជាច្រើន ដើម្បីដោះស្រាយភាពខុសគ្នារវាងភាគីនានា ខណៈដែលនៅតែធានាបាននូវផលប្រយោជន៍ជាតិផ្ទាល់របស់ពួកគេ។

បណ្តារដ្ឋមន្រ្តីដែលចូលរួមបានចង្អុលបង្ហាញអំពីបញ្ហាប្រឈមដែលមិនធ្លាប់មានពាក់ព័ន្ធនឹងពាណិជ្ជកម្ម ការវិនិយោគ និងបណ្តាញផ្គត់ផ្គង់ពិភពលោក ដោយសារតែការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុស។

ដូច្នេះ ពួកគេបាននិយាយថា វាចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ការងើបឡើងវិញនៃសេដ្ឋកិច្ចដ៏រឹងមាំ និងអាចបត់បែនបាន រួមជាមួយនឹងកំណើនប្រកបដោយចីរភាព តុល្យភាព និងការរីកចម្រើនគ្រប់ជ្រុងជ្រោយក្នុងរយៈពេលក្រោយជំងឺរាតត្បាតនេះ។

ការប្រឈមមុខនឹងការរីករាលដាលនៃជំងឺរាតត្បាតនេះ និងការគាំពារនិយមសម្រាប់ពាណិជ្ជកម្មដែលកំពុងកើតមានឡើង មន្ត្រីទាំងអស់បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀង RCEP នេះ នៅឯកិច្ចប្រជុំកំពូល RCEP លើកទី ៤ នៅក្នុងខែវិច្ឆិកាខាងមុខ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)