សម្តេចតេជោ អំពាវនាវដល់ម្ចាស់អគារជួលទាំងអស់ សូមមានការយោគយល់ដល់សាលារៀនឯកជនដែលជួលអគាររបស់ខ្លួន

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា
MC៖

សម្តេចតេជោ អំពាវនាវដល់ម្ចាស់អគារជួលទាំងអស់ សូមមានការយោគយល់ក្នុងការបន្ធូរបន្ថយថ្លៃជួលដល់សាលារៀនឯកជនដែលជួលអគាររបស់ខ្លួនក្នុងអំឡុងពេលដែលប្រទេសជាតិទាំងមូលកំពុងប្រឈមនឹងជំងឺឆ្លងកូវីដ១៩។
ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី ២៤ ខែ មិថុនា នាវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា សាលារៀនឯកជនមួយចំនួន បានជួលអគារបើកសាលារៀន ហើយពេលនេះកំពុងប្រឈមនឹងការបិទទ្វាដោយសារជំងឺឆ្លងកូវីដ១៩ ដូច្នេះម្ចាស់អគារគួរតែយោគយល់បន្ធូបន្ថយថ្លៃទៅតាមស្ថានភាពជាក់ស្តែង។
ក្នុងឱកាសនោះសម្តេចតេជោ បានស្នើឲ្យក្រសួងហរិញ្ញាវត្ថុបន្តធ្វើការជាមួយធនាគារ រៀបចំឥណទានឡើងវិញដើម្បីផ្តល់លទ្ធភាពដល់គ្រឹះស្ថានឯកជនអាចមានឱកាសខ្ចីថវិកាក្នុងការអភិវឌ្ឍកម្មវិធីបង្រៀនតាមអនឡាញព្រោះមានសាលារៀនឯកជនជាច្រើនដែលមិនបានរៀបចំកម្មវិធីបង្រៀនតាមអនឡាញនេះ ដល់សិស្សានុសិស្សអោយទាន់សភាពការណ៍កូវីដបច្ចុប្បន្ន។ទន្ទឹមនឹងនេះ សម្តេចតេជោ បានលើកទឹកចិត្តដល់គ្រឹះស្ថានអប់រំឯកជន ត្រូវបន្តខិតខំអភិវឌ្ឍន៍ខ្លួន ព្រោះសម្តេចមិនចង់ឃើញគ្រឹះស្ថានឯកជនណាមួយដួលរលំនោះឡើយ។
សំឡេង៖ « ខ្ញុំសូមយកឱកាសនេះអំពាវនាវចំពោះអគារទាំងឡាយ កាត់បន្ថយនៃប្រាក់ជួលអគារ ។ពីមុនខ្ញុំអំពាវនាវទាំងអស់ ឥលូវសូម្បីសណ្ឋាគារក៏ចុះថ្លៃដែរ ។ចឹងទេ សាកលវិទ្យាល័យខ្លះគ្រឹះស្ថានខ្លះ គេមានអគារខ្លួនគេគឺអត់បញ្ហាអ្វីទេ ។ប៉ុន្តែគ្រឹះស្ថានសិក្សាខ្លះគេជួលអគារគេ ចឹងទេដើម្បីធានាកុំឲ្យក្នុងពេលដែលមានវិបត្តនេះកុំឲ្យគ្នាបង់ខាតខ្លាំងពេកសូមម្ចាស់អគារទាំងឡាយនឹងផ្តល់ការយោគយល់និងភាពទន់ភ្លន់ ជាមួយនឹងគ្រឹះស្ថានសិក្សាឯកជនដែលបានជួលអគារ។រីឯមួយទៀតធនាគារជាតិកម្ពុជា គួរតែពិភ្សាជាមួយនឹងធនាគារឯកជននិងគ្រឹះស្ថានឯកជនផ្សេងៗ ធ្វើការរៀបចំឥណទានឡើងវិញ សូមឲ្យពិនិត្យអំពីការរៀបចំឥណទាន សម្រាប់គ្រឹះស្ថានសិក្សាឯកជនផង» ។