WWF ៖ ជំងឺឆ្លងរាលដាលនឹងផ្ទុះឡើងទៀត បើគ្មានការទប់ស្កាត់ការទទួលទានសាច់សត្វព្រៃ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៤ ០៦ ២០២០
MC:

អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWFព្រមានថា ជំងឺឆ្លងរាលដាលនឹងផ្ទុះឡើងទៀត បើគ្មានការទប់ស្កាត់ជាបន្ទាន់ការទទួលទានសាច់សត្វព្រៃរបស់ប្រជាជន។
អង្គការមូលអភិរក្សធនធានធម្មជាតិសកលមួយនេះ បានបញ្ជាក់ថា កត្តាបរិស្ថាននានាដែលបណ្តាលឱ្យមានការលេចឡើងនូវជំងឺឆ្លងរវាងសត្វ និងមនុស្ស រួមមាន៖ ការជួញដូរនិងការទទួលទានសាច់សត្វព្រៃដែលមានហានិភ័យខ្ពស់ ការផ្លាស់ប្តូរបែបផែននៃការប្រើប្រាស់ដីធ្លីដែលនាំដល់ការកាប់បំផ្លាញព្រៃឈើនិងការបំប្លែងដីព្រៃ ព្រមទាំងការរីកសាយការធ្វើប្រពលវប្បកម្មកសិកម្មគ្មានចីរភាព និងផលិតកម្មបសុសត្វ។
លោក ម៉ារកូ លាំប៊ឺទីនី អគ្គនាយកWWFមានប្រសាសន៍ថា «យើងត្រូវតែទទួលស្គាល់ភ្លាមៗនូវចំណងទាក់ទងគ្នារវាងការបំផ្លិចបំផ្លាញធម្មជាតិនិងសុខភាពមនុស្សជាតិ បើពុំដូច្នោះទេយើងនឹងឃើញការផ្ទុះឡើងនូវជំងឺឆ្លងដែលរាលដាលជាសកលលើកក្រោយទៀតជាមិនខាន។ យើងត្រូវតែនាំគ្នាទប់ស្កាត់ការជួញដូរនិងការបរិភោគសត្វព្រៃដែលមានហានិភ័យខ្ពស់ បញ្ឈប់ការកាប់បំផ្លាញព្រៃឈើនិងការបំប្លែងដីព្រៃ ព្រមទាំងធានាការគ្រប់គ្រងផលិតកម្មស្បៀងអាហារឱ្យមានចីរភាព។ ចំណាត់ការទាំងនេះនឹងជួយបង្ការការចម្លងភ្នាក់ងារបង្កជំងឺទៅដល់មនុស្ស ហើយជាមួយគ្នានោះនឹងជួយឆ្លើយតបទៅនឹងហានិភ័យសកលផ្សេងៗទៀតដល់សង្គមរបស់យើងមានដូចជា ការបាត់បង់ជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុ ជាដើម។»
លោកកត់សម្គាល់ថា សត្វព្រៃនៅតាមតំបន់ការពារធម្មជាតិនៅក្នុងតំបន់ ក្នុងនោះរួមទាំងនៅប្រទេសកម្ពុជាផង កាន់តែប្រឈមនឹងភាពងាយរងគ្រោះពីអ្នកបរបាញ់ខុសច្បាប់ ដោយក្នុងនោះបើគិតចាប់ពីខែធ្នូ ឆ្នាំ២០១៩ មកដល់ខែឧសភា ឆ្នាំ២០២០នេះ ក្រុមឧទ្យានុរក្សបានដោះអន្ទាក់ចេញពីក្នុងព្រៃសរុបចំនួន៣៦៥៨អន្ទាក់។ តួលេខនេះបានបង្ហាញឱ្យឃើញការកើនឡើងចំនួន១៥ភាគរយ ប្រៀបធៀបទៅនឹងចំនួន២.៤៥១អន្ទាក់ ដែលប្រមូលបានក្នុងរយៈកាលដូចគ្នាកាលពីមួយឆ្នាំមុន។ ស្របពេលគ្នានេះ សកម្មភាពកាប់ឆ្ការយកដីខុសច្បាប់បានកើនឡើង៣៦ភាគរយ ដោយក្នុងនោះមានករណីកើតឡើងចំនួន២៩លើក ដែលត្រូវបានកត់ត្រាក្នុងកំឡុងពេលពីខែធ្នូ ឆ្នាំ២០១៩ មកដល់ខែឧសភា ឆ្នាំ២០២០ ប្រៀបទៅនឹងកំឡុងពេលពីខែធ្នូ ឆ្នាំ២០១៨ មកដល់ខែឧសភា ឆ្នាំ២០១៩ ដែលមានតែ ១២ករណី ប៉ុណ្ណោះ។
លោក សេង ទៀក នាយកអង្គការ WWF នៅកម្ពុជា មានប្រសាសន៍ថា ចាំបាច់ត្រូវដាក់ចេញវិធានការបន្ទាន់ និងសមស្របក្នុងការបញ្ឈប់ការជួញដូរសត្វព្រៃគ្រប់ប្រភេទ ពិសេសពពួកថនិកសត្វ បក្សី និង សត្វល្មូន ដែលជាពពួកសត្វមានហានិភ័យខ្ពស់ក្នុងការចម្លងមេរោគទៅមនុស្ស ដើម្បីធានាឱ្យបាននូវសុវត្ថិភាព និងសុខភាពសាធារណៈដល់ប្រជាជនកម្ពុជា។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ការបញ្ឈប់ការបរិភោគសត្វព្រៃរបស់ប្រជាពលរដ្ឋ នឹងបញ្ចប់បាននូវការបរបាញ់ និងការជួញដូរខុសច្បាប់។ «ការបរិភោគសាច់សត្វ តាមពិតទៅវាអត់មានអីសម្រាប់ផលប្រយោជន៍សុខភាពគាត់ទេ ផ្ទុយមកវិញ គឺអាចបង្កផលប៉ះពាល់វិញ ព្រោះសាច់សត្វមានបានពិនិត្យសុខភាពគ្រប់គ្រាន់ណា ហើយតាមការសិក្សារបស់អ្នកជំនាញ បើទោះបីជាមិនទាន់បាន១០០ភាគរយ ថាជាមូលហេតុពិតប្រាកដ ក៏ប៉ុន្តែជំងឺកូវីដ-១៩ដែលមានការចម្លងនេះ ក៏គេអាចសិក្សាបាន ថាមានប្រភពមកពីសត្វព្រៃដែរ។ ចឹងសូមឱ្យបងប្អូនប្រជាពលរដ្ឋចៀសវាងអំពីការបរិភោគសាច់សត្វព្រៃ ឬក៏ប៉ះពាល់សត្វព្រៃដោយផ្ទាល់»។
យោងតាមការសិក្សាស្រាវជ្រាវបែបវិទ្យាស្ត្រមួយ បានបង្ហាញថា ការផ្ទុះឡើង និងការឆ្លងរាលដាលនៃវីរុស កូវីដ-១៩ ក៏ដូចជាវីរុស ហ្សារស៍ (SARS) មើស៍(MERS) និងការផ្ទុះឡើងនៃវីរុសផ្សេងៗទៀតនៅក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ គឺបណ្តាលមកពីការបរិភោគសាច់សត្វព្រៃ និងការជួញដូរសត្វព្រៃ៕