ប្រមុខរាជរដ្ឋាភិបាលកម្ពុជាណែនាំឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ខិតខំអនុវត្តនូវកម្មវិធីជំនួយសង្គមឲ្យបានល្អ ក្នុងអំឡុងពេលជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២៤.០៦.២០២០
MC ៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ណែនាំឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ខិតខំអនុវត្តនូវកម្មវិធីជំនួយសង្គមឲ្យបានល្អ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ដើម្បីធានាបានប្រសិទ្ធភាពក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមការងារថ្នាក់ជាតិនិងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តអនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធីសាស្រ្តនិងគោលការណ៍ ដើម្បីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងគោលដៅធានាឱ្យពួកគាត់ទទួលបានស្របតាមលក្ខខណ្ឌវិនិច្ឆ័យជាធរមាន នូវជំនួយសង្គមនាពេលនេះឬជំនួយផ្សេងទៀតនាពេលអនាគត ។
ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ « កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ » នៅវិមានសន្តិភាព នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ គោលបំណងធំរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវកម្មវិធីនេះ គឺជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដោយរួមបញ្ចូលផងដែរ នូវអ្នកបាត់បង់ការងារឬអ្នកបាត់បង់ចំណូល ដែលត្រូវធ្លាក់ខ្លួនចុះទៅក្នុងភាពទីទាល់ក្រឡើងវិញ ។
សំឡេង ៖ ចំនុចនេះជាចំនុចដែលខ្ញុំបានបញ្ជាក់ជូន ដើម្បីយើងទាំងអស់គ្នាប្រឹងប្រែងទាំងអស់គ្នា ហើយសូមផ្ដាំផ្ញើអាជ្ញាធរខេត្តតាមដានឲ្យជាប់ ហើយក្រសួងផែនការធ្វើការឲ្យជាប់ នឹងបញ្ជូនទិន្នន័យនេះមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីយើងផ្ដល់អោយសំរាប់គ្រួសារដែលធ្លាក់ខ្លួនក្រីក្រ ពេលនេះមិនទាន់ក្រប៉ុន្តែខែក្រោយអត់មានការងារធ្វើអត់មានប្រាក់ចំណូលវាទៅជាក្រ ចឹងចំនួននេះច្បាស់ជាកើន ប៉ុន្តែមិនមែនចេះតែគេប្រកាសមកថាក្របែរជាយើងទទួលយកគ្រប់តែរឿងនោះទេ ព្រោះយើងធ្លាប់ជួបប្រទះហើយកាលទឹកជំនន់ឆ្នាំ២០០០ ទោះបីអ្នកមានស្រូវជង្រុកនៅលើផ្ទះ មានត្រាក់ទ័រនៅក្រោមផ្ទះ ផ្ទះក្បឿងបីខ្នង ក៏គាត់ទៅដេកនៅទីទួលសុវត្ថិភាព ដើម្បីចាំទទួលជំនួយមនុស្សធម៌ដែរ ។