រាជរដ្ឋាភិបាលប្រកាសមានកញ្ចប់ថវិកាគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាសង្គមនិងប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយសារជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៤ ០៦ ២០២០
MC៖

ប្រមុខរាជរដ្ឋាភិបាលប្រកាសមានកញ្ចប់ថវិកាគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាសង្គមនិងប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយសារជំងឺកូវីដ១៩ ដើម្បីជួយស្តារជីវភាពនិងទុក្ខលំបាករបស់ប្រជា ពលរដ្ឋ ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអៈអាងថា រាជរដ្ឋាភិបាល មានផែនការដឹកនាំប្រទេសត្រឹមត្រូវច្បាស់លាស់ ពិសេសមានកញ្ចប់ថវិកាគ្រប់គ្រាន់ដើម្បី ដោះស្រាយបញ្ហាសង្គមបានទាន់ពេលវេលា ខណៈដែលរាជរដ្ឋាភិបាលបានបញ្ចេញថវិកា ២៥ លានដុល្លារអាមេរិក ក្នុង១ខែ ដើម្បីឧបត្ថម្ភជូនគ្រួសារក្រីក្រ សម្រាប់ដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃ។
ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី ២៤ ខែ មិថុនា នាវិមានសន្តិភាព សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ថវិកាដែលបានផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ គឺជាជំនួយសង្គមក្នុងពេលមានវិបត្តិដោយសារជំងឺកូវីដ១៩ មិនមែនជាការចិញ្ចឹមអចិន្ត្រៃយ៍នោះទេ ។
សម្តេចតេជោបន្តថា រាជរដ្ឋាភិបាលបានរៀបចំកម្មវិធី សម្រាប់ផ្តល់ជំនួយសង្គម នៅក្នុងពេលមានវិបត្តិនៃជំងឺកូវីដ-១៩ ដោយការបើកផ្តល់នឹងត្រូវបានធ្វើឡើងក្នុងរយៈពេល ២ ខែម្តង ដែលជុំទី ១ គឺនឹងត្រូវបានធ្វើឡើងសម្រាប់ខែមិថុនា មួយលើក និងខែកក្កដា មួយលើក ។ សម្តេចតេជោបន្តទៀតថា រាជរដ្ឋាភិបាលនឹងបន្តតាមដាន និង ធ្វើការវាយតម្លៃអំពីសភាពការណ៍ និងផលប៉ះពាល់ជាក់ស្តែងពីជំងឺ កូវីដ-១៩ នេះ តទៅទៀត ។ ប្រសិនបើសភាពការណ៍ និងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅតែបន្តអូសបន្លាយ និងមិនមានភាពល្អប្រសើរ កម្មវិធីជំនួយសង្គមនេះនឹងត្រូវបានអនុវត្តក្នុងជុំថ្មីសម្រាប់រយៈពេល ២ ខែទៀតជាបន្តបន្ទាប់ ។ តែបើផលប៉ះពាល់ពីជំងឺកូវីដ-១៩មានភាពធូរស្បើយរាជរដ្ឋាភិ បាលនឹងបញ្ឈប់នូវកម្មវិធីជំនួយសង្គមមួយនេះ ហើយបង្វែរថវិកាទៅវិនិយោគលើកិច្ចការចាំបាច់នានា ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនជារួមវិញ ។
សម្តេចតេជោបានមានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសមួយដែលមានមាយាទក្នុងការដោះស្រាយបញ្ហា ដោយរាជរដ្ឋាភិបាល មានជាសាច់ប្រាក់តែម្តង ក្នុងផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ។
សំឡេង «អំពីការសន្សំសាច់ប្រាក់ ប្រសិនបើយើងចង់ផ្តល់ជំនួយសង្គម មិនមែនយកក្រដាសទៅឲ្យប្រជាពលរដ្ឋទេ ត្រូវយកសាច់ប្រាក់ទៅឲ្យប្រជាពលរដ្ឋតែម្តង ដូច្នេះភាពមានមាយាទរបស់រាជរដ្ឋាភិបាល ទើបយើងមានលទ្ធភាពមានសាច់ប្រាក់ ដើម្បីចែកជូនប្រជាពលរដ្ឋដែលនិងត្រូវចាប់ផ្តើម នៅប៉ុន្មានថ្ងៃខាងមុខ ហើយខែក្រោយនេះនិងត្រូវបើកថែមទៀត ដែលឯកឧត្តម អួន ព័ន្ធមុនីរ័ត្ន បានបញ្ជូនរួចទៅហើយ ចំនួន១២៥ លានដុល្លារអាមេរិក សម្រាប់រយៈពេល៥ខែ ពិតមែនតែខ្ញុំនិយាយនៅក្នុងនេះគឺនិយាយថា ២ខែម្តងៗ ប៉ុន្តែយើងបានបញ្ចេញសាច់ប្រាក់រួចស្រេចទៅហើយ ដើម្បីទៅកាន់គោលដៅ »។
សម្តេចតេជោបញ្ជាក់ថា គោលបំណងធំរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវកម្មវិធីនេះ គឺជួយសម្រួលដល់ជីវភាព របស់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រនិងទទួលរងផល ប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដោយរួមបញ្ចូលផងដែរ នូវអ្នកបាត់បង់ការងារ ឬអ្នកបាត់បង់ចំណូល ដែលត្រូវធ្លាក់ខ្លួនចុះទៅក្នុងភាពទីទាល់ក្រីក្រឡើងវិញ ។ ការដាក់ចេញនូវកម្មវិធី នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលបើ«ហ៊ាននិយាយ គឺហ៊ានធ្វើ» ហើយធ្វើដោយម៉ត់ចត់ ច្បាស់លាស់ និងប្រុងប្រយ័ត្នបំផុត ។តាមរយៈកម្មវិធីនេះ រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនគ្រួសារក្រីក្រ ដែលការឧបត្ថម្ភនឹងត្រូវបានផ្តល់ជូននៅតាមទីកន្លែង ដែលបងប្អូនប្រជាពលរដ្ឋរស់នៅ ទៅតាមកម្រិតនៃប័ណ្ណសមធម៌នីមួយៗ ទៅតាមភាពងាយរងគ្រោះ និងទៅតាមតំបន់ ។ ការរៀបចំបែបនេះ គឺត្រូវបានធ្វើឡើងឱ្យស្របតាមគោលការណ៍សមធម៌ និងដើម្បីឆ្លើយតបទៅនឹងភាពខុសគ្នានៃថ្លៃទំនិញរវាងតំបន់នីមួយៗផងដែរ ។ យោងតាមអនុក្រឹត្យ ប្រាក់ឧបត្ថម្ភនេះក៏នឹងត្រូវផ្តល់ជូនក្នុងមួយខែមានចន្លោះពី១៦,០០០រៀល ទៅដល់ ១២០,០០០រៀលនឹងត្រូវបានបើកផ្តល់នៅក្នុងសប្តាហ៍ទី ៤ នៃខែនីមួយៗ តាមរយៈធនាគារឯកទេសវីង ដែលមានបណ្តាញភ្នាក់ងារនៅទូទាំងប្រទេស ៕