កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ផ្តោតសំខាន់ ទៅលើការដោះស្រាយវិបត្តិជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០​ — អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអាស៊ានឆ្នាំ ២០២០ លោក Nguyen Quoc Dung បាននិយាយថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ នឹងផ្តោតសំខាន់ទៅលើការអភិវឌ្ឍសហគមន៍អាស៊ាននាពេលអនាគត និងវិធានការណ៍ដើម្បីដោះស្រាយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គមដោយសារវិបត្តិនៃជំងឺកូវីដ-១៩ នៅក្នុងតំបន់។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហាណូយកាលពីថ្ងៃទី២៣ ខែមិថុនា ទាក់ទងនឹងកិច្ចប្រជុំកំពូលនេះ លោកបានសង្កត់ធ្ងន់អំពីការរៀបចំរបស់ប្រទេសវៀតណាមក្នុងបរិបទនៃជំងឺរាតត្បាតនេះដែលមានឥទ្ធិពលនៅក្នុងតំបន់ និងក្នុងពិភពលោក។

លោកបាននិយាយបន្ថែមថា ដោយនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយនៅថ្ងៃទី២៦ ខែមិថុនា ក្នុងទម្រង់ជាសន្និសីទវីដេអូ កិច្ចប្រជុំកំពូលនេះនឹងក្លាយជាកិច្ចប្រជុំកំពូលផ្លូវការលើកដំបូងដែលរៀបចំឡើងដោយប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ។

នៅក្នុងសម័យប្រជុំពេញអង្គដែលដឹកនាំដោយនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen  Xuan Phuc អ្នកចូលរួមនឹងបានឮអំពីរបាយការណ៍ និងការផ្តល់យោបល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងចំណោម បណ្តាប្រទេសសមាជិកអាស៊ានក្នុងសសរស្តម្ភទាំង ៣ នៃសហគមន៍អាស៊ាន គឺសន្តិសុខនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។ គេរំពឹងថា នឹងស្នើឱ្យមានវិធានការសម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំរវាងអាស៊ាន និងបណ្តាប្រទេសជាដៃគូរបស់ខ្លួននាពេលខាងមុខ។

បណ្តាមេដឹកនាំនៅអាស៊ានក៏នឹងប្រៀបធៀបកំណត់សម្គាល់ទៅលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ដោយផ្តោតទៅលើវិធីដោះស្រាយប្រកបដោយប្រសិទ្ធភាពជាមួយជំងឺរាតត្បាតកូវីដ-១៩ នៅពេលដែលកំពុងមានការងើបឡើងវិញនូវការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ានក្នុងពេលតែមួយ។

យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបានឱ្យដឹងថា បណ្តាមេដឹកនាំអាស៊ាននឹងជួបពិភាក្សាជាមួយតំណាងមកពីមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ស្តីពីការសម្របសម្រួលរវាងស្ថាប័នទាំងពីរក្នុងការកសាងសហគមន៍អាស៊ានដែលផ្តោតទៅលើប្រជាជន។

កិច្ចសន្ទនារវាងមេដឹកនាំអាស៊ាន និងយុវជនអាស៊ាន និងតំណាងមកពីក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-ABAC) នឹងត្រូវរៀបចំឡើងនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)