សត្វខ្ទីងមួយក្បាលត្រូវបានសម្លាប់ និងពន្លះសាច់ជាដុំៗនៅក្នុងដែនជម្រកសត្វព្រៃនៅជួរភ្នំក្រវាញខាងត្បូង

វិទ្យុជាតិកម្ពុជា វ៉ាង ភក្តី ២៤ ០៦ ២០២០

MC:

សត្វខ្ទីងដែលជាប្រភេទសត្វកម្រនៅកម្ពុជាត្រូវបានប្រទះឃើញពន្លះសាច់ជាដុំៗនៅក្នុងដែនជម្រកសត្វព្រៃនៅជួរភ្នំក្រវាញខាងត្បូង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២០។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខា ធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់សត្វខ្ទីងមួយក្បាលនេះ និងថ្កោលទោសចំពោះក្រុមជនល្មើសដែលតែងតែងលួច ប្រព្រឹត្តបទល្មើសដាក់អន្ទាក់សត្វ និងបរបាញ់សត្វកម្រ បើទោះបីជាក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធខិតខំប្រឹងប្រែងក្នុងការការពារអភិរក្ស បង្កើនការផ្សព្វផ្សាយ អប់រំ កុំឱ្យបរបាញ់សត្វព្រៃយ៉ាងណាក៏ដោយ។
ឯកឧត្តម អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានដឹងឬស្គាល់ពីអត្តសញ្ញានៃជនល្មើសជួយរាយការណ៍ប្រាប់សមត្ថកិច្ចដើម្បីចាត់វិធានការតាមច្បាប់។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្រុមជនល្មើសបាន រត់គេចខ្លួនបាត់នៅពេលដែលដឹងថាក្រុម
មន្ត្រីឧទ្យានុរក្សដើរល្បាតនៅក្នុងតំបន់នោះ ដោយបន្សល់ទុកនូវសាច់សត្វខ្ទីងដែលបានពន្លះជាដុំៗបម្រុងនឹងដឹកចេញ។
តាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន សត្វខ្ទីងដែលត្រូវបានសម្លាប់ នេះមានជើងជាប់អន្ទាក់ ហើយស្នែងរបស់វាត្រូវបានគេកាត់យកទៅបាត់ បន្សល់ទុកក្បាល និងសាច់ជាច្រើនគីឡូក្រាម។ «នេះគឺជាសត្វខ្ទីងទី២ ហើយដែលត្រូវបានដឹងថាបានស្លាប់នៅក្នុងរយៈពេល ២ ខែចុងក្រោយនេះ។ ខ្ទីងពេញវ័យមួយក្បាលអាយុប្រហែល ៥ ឆ្នាំ ត្រូវបានដឹងថាត្រូវបានព្រានបាញ់សម្លាប់ ដោយបន្សល់ទុកតែក្បាលនៅក្នុងដែនជម្រកសត្វព្រៃព្រះរកានៅក្នុងខេត្តព្រះវិហារកាលពីខែឧសភាកន្លងទៅ»។
សត្វខ្ទីងជាប្រភេទសត្វកម្រ ដែលងាយទទួលរងការគំរាមកំហែងយ៉ាងខ្លាំង ហើយ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទសត្វព្រៃងាយរងគ្រោះថ្នាក់ជាសកលនៅឆ្នាំ១៩៨៦ ហើយនៅឆ្នាំ ២០១៦ សត្វខ្ទីងនៅលើពិភពលោកមានចំនួនប្រមាណ ២១០០០ ក្បាលដែលរស់នៅក្នុងប្រទេស ឥណ្ឌានិងតំបន់អាស៊ីអាគ្នេយ៍។ សត្វខ្ទីងញីអាចមានទម្ងន់រហូតដល់ជិត ១ តោន ខណៈខ្ទីងឈ្មោលអាចមានទម្ងន់ដល់ ១តោនកន្លះ។ ចំនួនសត្វខ្ទីងមានការថយចុះគួរឱ្យកត់សម្គាល់ដោយសារតែការបាត់បង់ទីជម្រក ជាពិសេសគឺការបរបាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹងនិងការជួញដូរផ្សេងទៀត។ សត្វខ្ទីងស្ថិតនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស៕